ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ខែធ្នុឆ្នាំ២០១៧ នៅសាលាខណ្ឌដង្កោ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកានេះនឹងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ បានចូលរួមក្នុងអភិបាលកិច្ចល្អដែលជាឧបករណ៍មួយសម្រាប់ លើកកម្ពស់គណនេយ្យភាព តម្លាភាព លើដំណើរការ ការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ។
លោកបន្តថា គោលបំណងនៃវេទិកានេះ មានពីរជាសំខាន់គឺរាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ដោះស្រាយនិងធ្វើការឆ្លើយតប និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលបរិយាប័ន្ននៃដំណើរការការវិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ លោកថា វេទិកាសាធារណៈត្រូវបានបញ្ចប់ត្រឹមខណ្ឌដង្កោនាថ្ងៃនេះហើយ គម្រប់ចំនួន១២ខណ្ឌក្នុងរាជធានីភ្នំពេញ ។
លោកថ្លែងថា ការមកជួបជុំគ្នារវាងប្រជាពលរដ្ឋជាមួយគណៈអភិបាលរាជធានីភ្នំពេញ និងក្រុមប្រក្សារាជធានីភ្នំពេញ បានធ្វើវេទិកានេះនៅគ្រប់ខណ្ឌទាំងអស់ដោយយោងទៅតាមគោលការណ៍សហវិមជ្ឈការ និងវិមជ្ឈការសម្រាប់ការគ្រប់គ្រប់ការងាររដ្ឋបាលគ្រប់ថ្នាក់ថាតើថ្នាក់ដឹកនាំរបស់របស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើអ្វី ធ្វើបានអ្វីខ្លះ ហើយក្នុងឆ្នាំបន្តទៅមុខទៀតត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យប្រជាពលដ្ឋបានដឹង ហើយគ្រប់ការងារទាំងអស់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរក្រុង ខណ្ឌ សង្កាត់ មិនអាចធ្វើខ្លួនឯងបានទាំងអស់នោះទេ គឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋ។
លោកថា កាលពីមុន អាជ្ញាធរមូលដ្ឋានចង់ធ្វើអ្វីចង់អ្វី គឺធ្វើស្រេចតែនឹងចិត្តរបស់ពួកគាត់ មិនចាំបាច់សួរដល់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែក្នុងពេលនេះ ស្ថិតក្នុងកំណែទម្រង់ថ្មីសហវិមជ្ឈការ និងវិមជ្ឈការ មុននឹងធ្វើអ្វីមួយ ឬស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវមានការប្រជុំ សួរនាំជាមួយប្រជាពលរដ្ឋជាមុន ដើម្បីឲ្យបានដឹងអំពីតម្រូវការជាអាទិភាព ថាតើត្រូវធ្វើអ្វីខ្លះ ជូនតាមសំណើរ និងសំណូមរបស់ប្រជាពលរដ្ឋជាមុន ដើម្បីស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងតម្លាភាព។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីអោយរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ៕ ដោយ៖កូឡាប