ក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា សមយុទ្ធយោធាទ្រង់ទ្រាយធំដែលកំពុងធ្វើឡើងដោយអាមេរិច និងកូរ៉េខាងត្បូង ព្រមទាំងការគំរាមកំហែងរបស់អាមេរិចប្រឆាំងនឹងទីក្រុងព្យុងយ៉ាង អាចនឹងធ្វើឲ្យសង្គ្រាមផ្ទុះនៅឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងក៏បានទិះទៀនទៅដល់ការថ្លែងរបស់មន្ត្រីអាមេរិចដែលមានបង្ហាញពីការប្រុងប្រៀបធ្វើសង្គ្រាម គឺជាការកំពុងរុញច្រានឧបទ្វីបឲ្យធ្លាក់ចូលក្នុងសង្គ្រាមយ៉ាងលឿន។
អ្នកនាំពាក្យដដែលបានថ្លែងនៅក្នុងសេចក្តីប្រកាស ដែលចេញផ្សាយដោយសារព៌តមានរដ្ឋ (KCNA) ដូច្នេះថា “សំណួរនៅឥឡូវនេះគឺថា តើពេលណាសង្គ្រាមនឹងផ្ទុះឡើង?”។
លោកថ្លែងថា “ពួកយើងមិនប្រាថ្នាចង់បានសង្គ្រាមនោះទេ ប៉ុន្តែពួកយើងក៏មិនលាក់ខ្លួនពីវាដែរ”។
ភាពតានតឹងកំពុងកើតឡើងយ៉ាងខ្លាំងនៅឧបទ្វីបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែការបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាំងបំពានដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំនែកទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាមេរិច លោក H.R. McMaster បាននិយាយកាលពីចុងសប្តាហ៏មុនថា លទ្ធភាពនៃសង្គ្រាមជាមួយនឹងកូរ៉េខាងជើងកំពុងកើតឡើងរៀងរាល់ថ្ងៃ៕ សុភ័ក្ត្រ