Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​ខេត្ត​លាវ​នី​ញ ជម្រាប​សម្តេច​ប្រធានរដ្ឋសភា ពី​គម្រោង​ទាក់ទាញ​អ្នកវិនិយោគ និង​ទេសចរ​ពី​ខេត្ត​នេះ​មក​កម្ពុជា​

​លោក ពីង ហ្សី​កាង អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ខេត្ត​លាវ​នី​ញ​ប្រទេស​ចិន បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិ​ជាមួយ​ខេត្ត​ចំនួន​ពីរ​របស់​ប្រទេស​កម្ពុជា និង​ពង្រឹង​ពង្រីក​គម្រោង​វិនិយោគ​នៅ កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋ​សភា​។​

​នៅក្នុង​ឱកាស​នេះ លោក ពីង ហ្សី​កាង បាន​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា ពី​គោលបំណង​សំខាន់ៗ​របស់​គណៈប្រតិភូ ដែល​មក​បំពេញ ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​ថា គឺ​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​សំខាន់ៗ​ចំនួន​ពីរ​របស់​ប្រទេស​កម្ពុជា មានដូចជា ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ជាមួយនឹង​ខេត្ត​លាវ​នី​ញ​របស់​ចិន​។​

​គណៈប្រតិភូ​នឹង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ទាំងពីរ​នេះ ដើម្បី​ពិភាក្សា​និង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​នេះ ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងនោះ​។ ការ​មក​កាន់​កម្ពុជារ​បស់​គណៈប្រតិភូ​ខេត្ត​លាវ​នី​ញ​នេះ ក៏​ដើម្បី​សិក្សា​ពី​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ជាមុន​ផងដែរ​។ ដោយ​នៅ​ពេល​ត្រឡប់ ទៅវិញ គណៈប្រតិភូ​នឹង​កៀងគរ​ផ្សព្វផ្សាយ​ទាក់ទាញ​អ្នកវិនិយោគ និង​អ្នកទេសចរ​ចិន ឲ្យមក​បណ្តាក់ទុន និង​ធ្វើ​ទេសចរ​នៅ​កម្ពុជា​ឲ្យបាន​ច្រើន ឡើង​។​

​លោក ពីង ហ្សី​កាង បាន​ជម្រាបជូន​សម្តេច​ថា ខេត្ត​លាវ​នី​ញ​ជា​ខេត្ត​មាន​សក្តានុពល​មួយ​របស់​ប្រទេស​ចិន​។ ខេត្ត​នេះ​ស្ថិត​នៅ​ភាគ​ខាងកើត​ឈៀង ខាងជើង​ប្រទេស​ចិន ជា​ខេត្ត​ដែល​មាន​ឧស្សាហកម្ម​ដែក​ថែប ឧស្សាហកម្ម​គ្រឿងចក្រ​កសិកម្ម និង​អេឡិចត្រូនិច​ព័ត៌មាន​វិទ្យា​ជាដើម​។​

​លោក ពីង ហ្សី​កាង បាន​មានប្រសាសន៍ថា ដើម្បី​ងាយស្រួល​ដល់​អ្នកវិនិយោគ​អគារ​ពាណិជ្ជកម្ម ខេត្ត​លាវ​នី​ញ​នៅ​កម្ពុជា​នឹង​បើក​ការដ្ឋាន​សាងសង់ ហើយ​ប្រារព្ធ​ពិធី​សម្ពោធ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ពេល​នេះ​ដែរ​។ “​ខ្ញុំ​នឹង​ខិតខំ​ជំរុញ​អ្នកវិនិយោគទុន​ចិន នៅ​ខេត្ត​លាវ​នី​ញ​មក រកស៊ី​នៅ​កម្ពុជា​ឲ្យ​ច្រើន ដើម្បី​ជា​ចំណងដៃ​នៃ​ចំណង​មិត្តភាព​ការទូត​កម្ពុជា ដែល​ឈាន​ដល់​ខួប​ទី​៦០​ឆ្នាំ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​” នេះ​ជា​ការ​គូស បញ្ជាក់​របស់​ឯកឧត្តម​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ខេត្ត​លាវ​នី​ញ ។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ពីង ហ្សី​កាង និង​គណៈប្រតិភូ​នៅ​កម្ពុជា​នា​ពេល នេះ​។ សម្តេច​បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ បាន​ចូលរួម​ចំណែក​បន្ត​ពូន​ជ្រំ​លើកកម្ពស់​ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិ ការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​ចិន ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​។ “​បច្ចុប្បន្ន​ទំនាក់ទំនង​នៃ​ប្រទេស យើង​ទាំង​ពីរ មាន​ភាព​ល្អប្រសើរ​ជាង​ពេលណាៗ​ទាំងអស់ ហើយ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ គឺ​បន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ទោះ​ស្ថិតក្នុង​កាលៈទេសៈ បែបណាក៏ដោយ​”​។​

​សម្តេច​បាន​មានប្រសាសន៍​បន្ត​ថា រដ្ឋ​សភា​កម្ពុជា​ក៏​ដូច​ប្រជាជន​កម្ពុជា សូម​គាំទ្រ និង​អបអរសាទរ​ចំពោះ​ជោគជ័យ​ជា​បន្តបន្ទាប់ ដែល​ប្រទេស​ទាំង​ពីរ សម្រេចបាន ដើម្បី​នាំមក​នូវ​វិបុលភាព​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ ពិសេស​បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​អភិវឌ្ឍន៍​កម្ពុជា​លើ​គ្រប់ វិស័យ​។​

​នៅក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​ចំណង​មិត្តភាព​កម្ពុជា​ចិន ដែល​មាន​តាំងពី​យូរណាស់​មកហើយ ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​ចុង ក្រោយនេះ ចំណង​មិត្តភាព​កម្ពុជា​-​ចិន បាន​ឈាន​ដល់​ចំនុច​កំពូល​មួយ​ដែល​មិន​ធ្លាប់​មាន​កន្លងមក​។ ទំនាក់ទំនង​ការទូត​កម្ពុជា​ចិន​បាន​ឈាន​ដល់​ខួប ទី​៦០​ឆ្នាំ​នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×