ករណីជនជាតិចិនមួយចំនួន ដែលចូលមកនៅក្នុងប្រទេសយើង ហើយបង្កការអុកឡុកក្នុងរូបភាពផ្សេងៗ ជាពិសេសប្រើប្រាស់គ្រឿងញៀន ដែលបណ្តាលឲ្យស្ត្រីចិនម្នាក់បែកថ្នាំលែងដឹងអី ហើយបានបញ្ចេញខ្លួនប្រាណននលគលនៅរង្វង់មូលតោពីរ ក្រុងព្រះសីហនុ ពុំទាន់កន្លងផុតបានប៉ុន្មានខែផង ស្រាប់តែពេលនេះ មានជនជាតិចិនម្នាក់ទៀត បែកថ្នាំស្រាតននលគក រត់មកដេកនៅលើដងផ្លូវមួយកន្លែង នៅចំណុចអន្លង់ក្ងាន បង្កការភ្ញាក់ផ្អើលមនុស្សម្នាមកចោមរោមមើលគួរឲ្យស្លុតចិត្តយ៉ាងខ្លាំង ។
ករណីជនជាតិចិននេះ បែកថ្នាំមកដេកផ្កាប់មុខនៅលើថ្នល់ ស្ថិតក្នុងស្ថានភាពស្រាតននលគក ដោយគ្រាន់តែគ្របបិទបាំងតំបន់កេរ្តិ៍ខ្មាសជាមួយសំពត់ក្រហម ហើយមានសក់វែង ដំបូងត្រូវបានមនុស្សជាច្រើនគិតថាជាស្រី ប៉ុន្តែ តាមពិតនោះ ជនជាតិចិនបែកថ្នាំនេះគឺជាមនុស្សប្រុសដែលទុកសក់វែង ។
ទោះយ៉ាងណា បន្ទាប់ពីមហាជនស្ថិតនៅកន្លែងកើតហេតុ ម្នាក់ៗពុំហ៊ានចូលជិត ព្រោះខ្លាចរងការចោទប្រកាន់ណាមួយ (ធ្វើគុណបានទោស) នោះមួយសន្ទុះធំក្រោយមក ក៏ឃើញឡានពេទ្យ១គ្រឿង បានមកដល់ ហើយដឹកនាំយកបុរសចិននេះទៅកាន់មន្ទីរពេទ្យផងដែរ ។
យ៉ាងណាមិញ បើតាមអ្នកលេងហ្វេសប៊ុកម្នាក់មានគណនីឈ្មោះ បងរ័ត្ន បងរ័ត្ន បានចូលខមិនសរសេរថា៖ «អ្នកញៀនថ្នាំម្នាក់នឹងកាលប៉ន្មានថ្ងៃមុនមានឡានអង្គការដឹកយកទៅតើហេតុបានបណ្ដោយអោយចេញមកវិញធ្វើចឹងហេតុអីដឹកទៅហើយអត់មានដំណោះស្រាយជួយគាត់ចឹងរឺក៍ពិបាកមើលថែបានជាលែងគាត់មកវិញចឹងបើចឹងង៉ៃក្រោយកុំយកគាត់ទៅបើអត់មានសម្ថភាពនោះប្រហែលតែ2,3ង៉ៃសោះឃើញចឹងទៀតអត់យល់» ៕ ដោយ៖ ឧត្តម