ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តន៍បន្ត សម្រាប់ខែធ្នូ ឆ្នាំ២០១៨។ កិច្ចប្រជុំនេះ រៀបចំនៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តមានឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ បានពិភាក្សាទៅលើកិច្ចការមួយចំនួន នៅក្នុងដំណើរការអភិវឌ្ឍន៍ខេត្តព្រះសីហនុក្នុងពេលបច្ចុប្បន្ន។ ហើយកិច្ចប្រជុំនេះ បានពិភាក្សានោះ គឺជជែកទាំងផលវិជ្ជមាន និងផលប៉ះពាល់ខ្លះ ដែលនាំកើតមានការមានមតិរិះគន់ពីប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមហាជនមួយចំនួនផង។ ក្នុងនោះដូចជា៖ ការរិះគន់ទៅលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈជាដើម។
ករណីនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តចាត់ទុកពីដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុបច្ចុប្បន្នដា បានផ្តល់សារៈសំខាន់ចាំបាច់ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋ។ ជាពិសេសជាងនេះ គឺជាជោគជ័យក្នុងការអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ចំពោះបញ្ហាអសកម្មមួយចំនួនរួមមាន ៖ ផលប៉ះពាល់ផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងការងារបរិស្ថានជាដើម ឯកឧត្តម យន្ត មីន អភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធបង្កើនកម្មភាពការងារ ក្នុងការដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋបានស្នើសុំ។
ចំពោះបញ្ហាខ្លះទៀត ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ទូទៅ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម យន្ត មីន បញ្ជាក់ថា អាជ្ញាធរត្រូវតែយកច្បាប់មកអនុវត្តន៍ ជនណាប្រព្រឹត្តបទល្មើស ទោះជនបរទេស ឬជាតិសាសន៍ណាក៏ដោយ ដាច់ខាតត្រូវតែចាប់បញ្ជូនយកទៅផ្តន្ទាទោស ។
ព្រមជាមួយគ្នានេះ រាល់ការផ្តល់សេវាជូនប្រជាពលរដ្ឋដោយស្របច្បាប់ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីជំនាញពាកព័ន្ធទាំងអស់ រួមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ខិតខំធ្វើកិច្ចការងារ ឱ្យបានឆាប់ ដើម្បីផ្តល់សេវាផ្សេងៗ ជូនពលរដ្ឋ ឱ្យស្របតាមការស្នើសុំ របស់ប្រជាពលរដ្ឋ៕ ដោយ ៖ ដែន សីមា