ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានអញ្ជើញជាអធិបតីក្នុង ទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣វិច្ឆិកា លើកទី៩ ឆ្នាំ២០១៨ ដែលពិធីនេះបានប្រព្រឹត្តទៅនាបរិវេណសាលាអនុវិទ្យាល័យស្វាយចេក ឃុំស្វាយចេក ស្រុករំដួុល ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកបណ្ឌិតហុក បូទី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សុខា រ៉ាម អភិបាលស្រុករំដួល និងលោក លោកស្រីជា ប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត សិស្ស-សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូបងប្អូនប្រជា ពលរដ្ឋ សរុបមានអ្នកចូលរួមចំនួុន ៦៩១នាក់ ។
លោកបណ្ឌិត ហុក បូទី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានឱ្យដឹងថាៈដោយមានការខិតខំប្រឹងប្រែងអនុវត្តរបស់ក្រុម ការងារ PTWG-RWSSH និងដៃគូពាក់ព័ន្ធបានធ្វើអោយប្រជាពលរដ្ឋខេត្តស្វាយរៀង បានយល់ដឹងនិងមានពុទ្ធិការទម្លាប់អនុវត្តន៍អនាម័យល្អ ការធ្វើទឹកអោយមានសុវត្តិភាពមុនពេលបរិភោគ និងការសម្អាតអនាម័យលំនៅស្ថាន ដែលធ្វើអោយប្រជាពលរដ្ធមានសុខភាពល្អ និងជីវភាពធូធារស្របនិងពាក្យស្លោកលើកឡើងថា «ការពារប្រសើរជាងព្យាបាល» ។ជាក់ស្ដែងគិតត្រឹមឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋប្រមាណ ៩៩.៥០% មានប្រភពទឹកប្រើប្រាស់ និងគ្រួសារប្រើប្រាស់ទឹកមានសុវត្ថិភាពចំនួន ៨៥.៣% ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៨៦% មានបង្គន់អនាម័យប្រើប្រាស់ដែលក្នុងនោះមានភូមិចំនួន២៧២ ឃុំចំនួន២០ និងស្រុកចំនួន១គឺ ស្រុកស្វាយទាប សម្រេចបានបញ្ឃប់បន្ទោរបង់ពាសវាលពាសកាល (ODF) និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ។
បន្ទាប់ពីអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣វិច្ឆិកា លើកទី៩ ឆ្នាំ២០១៨រួចមក លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការទ្វេ ភាគី និងពហុភាគី ជាមួយរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍន៍គ្រប់វិស័យ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសកម្ម និងផ្ដល់ការ គាំទ្រដ៏សប្បុសដល់ការខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់របស់រាជរដ្ឋាភិបាល ។
ជាមួយនេះដែរយើងទាំងអស់គ្នា ទាំងព្រះសង្ឃនិងគ្រហស្ថ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចអោយបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ “ប្រជាជន ជនបទទាំងអស់និងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌និងមាននិរន្ដរភាពនៅឆ្នាំ ២០២៥” ។
ជាចុងបញ្ចប់នៃកម្មវិធីលោក អភិបាលរងខេត្ត ក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់នូវអនាម័យបីប្រការគឺ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងអនាម័យល្អ ដោយប្រើប្រាស់បង្គន់អនាម័យអោយបានគ្រប់ៗផ្ទះ និងគ្រប់មូលដ្ឋានផងដែរ ៕ ដោយ ៖ វ៉ៃគោ