តាកែវ ៖ អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំអោយអាជ្ញាពាក់ព័ន្ធទាំងអស់ត្រូវចុះអប់រំផ្សព្វផ្សាយនិងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធពាក់ព័ន្ធទៅនិងការចែកចាយនិងការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះបើគ្មានការចូលរួមពីប្រជាពលរដ្ឋនោះទេកិច្ចការបង្ក្រាបគ្រឿងញៀននេះពិតជាមិនអាចទទួលបានជោគជ័យនោះទេ។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុង ពិធីផ្សព្វផ្សាយរបាយការណ៍ នព្វមាស ឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ វិឆ្ឆិកា ឆ្នាំ ២០១៨នេះ ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ប៉ុន្តែបើគ្មានការចូលរួមពីប្រជាពលរដ្ឋនិងសហគមន៍នោះទេ ការងារនេះពិតជាមិនអាចសម្រេចបានជោគជ័យនោះឡើយ។ ព្រោះទន្ទឹមនិងការអនុវត្តន៍ច្បាប់និងការគាំពារផ្នែកសុខមាលភាពសង្គមកាន់តែប្រសើរឡើង វាចាំបាច់ត្រូវមានការចូលរួមពីគ្រប់សមាសភាពដែលរួមមាន បុគ្គលម្នាក់ៗ ក្រុមគ្រូសារ អាណាព្យាបាល សមាជិកសហគមន៍ វិស័យឯកជន ផ្នែកសាសាសនាជាដើម។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៏បន្ថែមថា អាជ្ញាធពាក់ព័ន្ធទាំងអស់ត្រូវតែក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន យុវនារី សិស្សានុសិស្សឲ្យយល់ដឹងពីគ្រោះថ្នាក់និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រឿងញៀន ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តតាកែវ ត្រូវប្រឹងប្រែងនិងធ្វើសកម្មភាពឲ្យបានខ្លាំងក្លា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ក្រាបការផលិត ការចរាចរ ការចែកចាយ ប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តតាកែវឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
បើតាមរបាយការណ៏របស់សាលាខេត្តតាកែវ សម្រាប់ឆ្នាំ២០១៨នេះ លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន មានចំនួន ៨០ករណី ឃាត់ខ្លួនជនសង្ស័យបាន ១៦៨នាក់ ស្រី១១នាក់ ក្នុងនោះមានជនជាតិវៀតណាម ០២នាក់ អនុវត្តតាមដីការចំនួន ១០ដីកា ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ បង្ក្រាបករណីដាំដំណាំកញ្ឆាខុសច្បាប់មានចំនួន ២១ករណី ៕ ដោយ៖ តាកែវ