កម្មករសំណង់យ៉ាងតិចចំនួន ២៤នាក់ ត្រូវបានខ្មាន់កាំភ្លើងមួយក្រុមបាញ់សម្លាប់ នៅក្នុងខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធនេះ។
ទាហ៊ានឥណ្ឌូនេស៊ីម្នាក់ ក៏ត្រូវបានបាញ់សម្លាប់ផងដែរ នៅពេលដែលប៉ូលីស និងកងកម្លាំងសន្តិសុខត្រូវគេបញ្ជូនទៅឲ្យធ្វើការស៊ើបអង្កេតការបាញ់ប្រហារលើក្រុមកម្មករសំណង់ ដែលកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
មុនពេលមានការបាញ់ប្រហារ កម្មករទាំងនោះកំពុងធ្វើការសាងសង់ផ្លូវ និងស្ពានស្ថិតនៅតំបន់ Nduga។
ប៉ូលីសអះអាងថា ការបាញ់ប្រហារនោះបង្កឡើងដោយក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន។ ក្រុមពួកបះបោរ ទាំងនោះបានស្នើសុំផ្តាច់ខ្លួន និងចង់បានឯករាជ្យនៅក្នុងខេត្ត Papua អស់រយៈពេលជាច្រើនទសវត្សន៍មកហើយ។
អ្នកនាំពាក្យយោធាឥណ្ឌូនេស៊ី លោក Muhammad Aidi បាននិយាយថា ហេតុការណ៍បាញ់ប្រហារនោះបានកើតឡើងនៅពេលក្រុមពួកផ្តាច់ខ្លួនបានប្រារព្ធធ្វើពិធី ដើម្បីរំលឹកដល់អ្វីដែលពួកគេហៅថាថ្ងៃ ឯករាជ្យ (ថ្ងៃទី ១ ខែធ្នូ)។
លោកបញ្ជាក់ទៀតថា នៅពេលក្រុមនោះកំពុងធ្វើពិធី មានកម្មករសំណង់ម្នាក់មកពីក្រុមហ៊ុន PT Istaka Karya ត្រូវបានគេរាយការណ៍ថា បានធ្វើការថតរូបភាព បណ្តាលឲ្យក្រុមផ្តាច់ខ្លួននោះ មានការខឹងសម្បារ និងក៏បានធ្វើការវាយប្រហារលើពួកគេតែម្តង៕ សុភ័ក្ត្រ
ប្រភព៖ BBC