ខេត្តមណ្ឌលគិរី ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ហ៊ូ សាគុណ ដែលជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានបដិសេធការផ្សាយ ចោទប្រកាន់អំពីបទល្មើស ដឹកជញ្ជូនឈើមួយកន្លែងឆ្លងកាត់ខេត្តមណ្ឌលគិរី ទៅប្រទេសវៀតណាម ។នេះបើតាមការផ្សាយ របស់វេបសាយអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៧ធ្នូ២០១៨។
គួររំលឹកថា វិទ្យុអាស៊ីសេរី ក្នុងការផ្សាយមួយថ្ងៃទី៣១តុលាកន្លងមក បានរាយការណ៍ថា មានរថយន្តមួយគ្រឿងបានធ្វើការដឹកជញ្ជូនឈើពីភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទៅកាន់ប្រទេសវៀតណាម។ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក្នុងរបាយការណ៍មួយ ដែលអ្នកសារព័ត៌មានទើបទទួលបាន ក្នុងសប្តាហ៍នេះ បានបញ្ជាក់ថា ក្រោយពីការផ្សាយរបស់វិទ្យុអាស៊ីសេរីរួច កងកម្លាំងនៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដោយមានរូបឯកឧត្តមនាយឧត្តមសេនីយ៍ ចុះបញ្ជាផ្ទាល់ បានធ្វើដំណើរទៅកាន់ភូមិពូលុ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងប្រធានទីស្នាក់ការបរិស្ថានផងដែរ ដើម្បីស្រាវជ្រាវនូវហេតុការណ៍ ដែលជាប់ពាក់ព័ន្ធ។
លោក នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានថ្លែងថា ក្រោយការចុះស្រាវជ្រាវ “ពុំមានករណីដែលបានកើតឡើង ដូចអ្វី ដែលអាស៊ីសេរីបានចុះផ្សាយនោះទេ”។ លោក នាយឧត្តមសេនីយ៍បានបន្តថា នៅពេលដែលសមត្ថកិច្ចចុះស្រាវជ្រាវនោះ គេបានប្រទះឃើញគំនរឈើទាំងនោះ នៅចំណុចនិយាមការលេខ X០៧៧២៦៥៩ Y១៣៨៦៨០៣ ស្ថិតនៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក នាយឧត្តមសេនីយ៍បញ្ជាក់ថា ឈើទាំងអស់នេះ ឈ្មួញបានដឹកយកទៅលាក់ទុកចោលនៅក្នុងព្រៃ (ឈើ អញ្ញាត្តិជន)។
បច្ចុប្បន្នវត្ថុតាងខាងលើ កំពុងធ្វើការវាស់វែង ហើយដឹកយកទៅរក្សាទុក នៅស្នាក់ការបរិស្ថានដែនជំរកអូរពោត ៕ ដោយ ៖ រចនា