ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ២នាក់ ជាចោរលួច(ម៉ូតូ) ទៅតុលការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីលួចនេះ កើតឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០:១៥នាទី នៅចំណុច ផ្លូវលំ ក្រុមទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈពេលដែលមានជនសង្ស័យ ០២នាក់ កំពុងតែគាស់ស្លាកលេខចេញពីម៉ូតូ ១គ្រឿង ម៉ាក ស៊ីរ៉ុស ពណ៌ខ្មៅ ពេលនោះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ល្បាតឃើញ មានការសង្ស័យ ក៏ឃាត់ខ្លួនពួកគេទាំង ២នាក់ មកសួរនាំ ឃើញរូបគេទាំង ២នាក់ ជាចោរលួច(ម៉ូតូ) ប្រាកដមែន។
ពួកគេទាំង ២នាក់នេះមាន៖១/ ឈ្មោះ ជឿន ណារិទ្ធ ហៅខុង ភេទប្រុស អាយុ ១៨ឆ្នាំ ២/ ឈ្មោះ វ៉ា សុខគា ភេទប្រុស អាយុ ២៩ឆ្នាំ ក្រោមវិធានការនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ ជឿន ណារិទ្ធ ហៅខុង និងឈ្មោះ វ៉ា សុខគា បានសារភាពឲ្យដឹងថា ពួកគេទាំង ២នាក់ ទើបតែស្គាល់គ្នាបានប្រហែល ១ខែប៉ុណ្ណោះ ហើយថែមទាំងធ្លាប់ជក់គ្រឿងញៀនជាមួយគ្នាផងដែរ។ នៅថ្ងៃកើតហេតុ ឈ្មោះ ជឿន ណារិទ្ធ ហៅខុង បានខ្ចីម៉ូតូរបស់ឈ្មោះ ថា ភេទប្រុស អាយុប្រហែល ១៩ឆ្នាំ ម៉ាក ស៊ីរ៉ុស ពណ៍ខ្មៅ ស្លាកលេខ បាត់ដំបង 1B-2896 ដោយកុហកថា ខ្ចីជិះ ទៅទិញចំណីហូប។ បន្ទាប់មក រូបគេបានជិះម៉ូតូនោះ ទៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហើយបានគាស់ស្លាកលេខម៉ូតូនោះចេញ រហូតដល់វេលាម៉ោង ១០:១៥នាទីថ្ងៃដដែល រូបគេបានឲ្យឈ្មោះ វ៉ា សុខគា ទៅទិញខ្ចៅ យក មកចាប់ស្លាកលេខម៉ូតូនោះវិញ ហើយពេលដែលរូបគេទាំង ២នាក់ កំពុងចាប់ស្លាកលេខម៉ូតូនោះ ក៏មានសមត្ថកិច្ចអាវុធហត្ថ ចុះមកធ្វើការឃាត់ពួកខ្លួនតែម្តង។
ឈ្មោះ ជឿន ណារិទ្ធ ហៅខុង បានប្រាប់ឲ្យដឹងទៀតថា កន្លងមករូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសររយៈពេល ១ឆ្នាំ ចេញមកវិញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ហើយពេលចេញមកវិញ រូបគេបានបន្តធ្វើសកម្មភាពលួចម៉ូតូ និងឆក់កាបូបជាញឹកញាប់ផងដែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕ ដោយ ៖ កូឡាប