សត្វកងគូរ៉ូ មួយក្បាលដែលល្បីឈ្មោះទូទាំងពិភពលោកដោយសារមានកាយសម្បទាមាំមួន និងមានសាច់ដុំធំៗដូចកីឡាកាសបានស្លាប់ដោយសារវ័យជរា នៅអាយុ ១២ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃច័ន្ទនេះ។
សត្វកងគូរ៉ូនោះមានឈ្មោះថា Roger។ វាត្រូវបានគេជួយសង្រ្គោះតាំងពីតូច បន្ទាប់ពីមេរបស់វាបានងាប់ដោយសារឡានបុក ហើយវាត្រូវគេចិញ្ជឹម និងលូតធំធាត់ក្នុងតំបន់អភិរក្សាសត្វកងគូរ៉ូស្ថិតក្នុងប្រទេសអូស្រ្តាលី។
សត្វនោះវាធំខ្លាំងណាស់ ដោយមានកំពស់រហូតដល់ ២ម៉ែត្រ និងមានទំងន់ ៨៩គីឡូក្រាម។
តំបន់អភិរក្សដែលមើលថែ Roger បានប្រកាសពីការស្លាប់របស់សត្វនោះកាលពីចុងសប្តាហ៍មុន។
សូមបញ្ជាក់ថា សត្វកងគូរ៉ូ Roger បានធ្វើអោយពិភពលោកមានការចាប់អារម្មណ៍លើវាយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៥ នៅពេលដែលរូបភាពរបស់វាវាយបំបែកធុងដែក ដោយប្រើកម្លាំង និងសាច់ដុំដ៏ធំៗរបស់វា។
ប៉ុន្តែគួរអោយសោកស្តាយ នៅប៉ុន្មានឆ្នាំក្រោយមក វាក៏មានជំងឺសន្លាក់ និងបញ្ហាភ្នែក និងបានធ្វើការចូលនិវត្តន៍ក្នុងឆ្នាំ ២០១៦។
ចំពោះអាយុរបស់សត្វកងគូរ៉ូវិញ វាអាចរស់នៅបានត្រឹមតែ ១០ឆ្នាំ ក្នុងព្រៃ ឬអាចយូរជាងនេះបន្តិចប៉ុណ្ណោះ៕ សុភ័ក្ត្រ
ប្រភព៖ BBC