ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតអង្គជំនុំជម្រះ វិសាមញ្ញក្នុង តុលាការកម្ពុជាដោយអញ្ជើញ អង្គការសហប្រជាជាតិចូលរួមដើម្បីជំនុំ ជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ ចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលបាន ប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ និងថ្ងៃទី៦ ខែមករា ១៩៧៩។ នេះបើតាម លោកក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។
លោក ហែម ក្រាញ់តូនី៖ សមិទ្ធផលចុងក្រោយជាប្រវត្តិសាស្ត្រស ម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម និងសម្រាប់យុត្តិធម៌ អន្តរជាតិ គឺនៅដថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានរកឃើញថាជនជាប់ចោទ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើ អនុសញ្ញា ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមដែលត្រូវបានចោទប្រកាន់ និងបាន សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
សមិទ្ធផលថ្មីនេះបានបន្ថែមលើសមិទ្ធផលជាច្រើនដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេច នូវសមិទ្ធផល ជាច្រើន ក្នុងរយៈពេល ១២ ឆ្នាំមកនេះទាំងក្នុងផ្នែកយុត្តាធិការ និងក្រៅផ្នែកយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរដំណែល ដែល ត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុត ដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យមនុស្សជំនាន់ក្រោយ រួមមានការអប់រំ ការចងចាំ ក៏ដូចជាការកសាងសមត្ថភាព និងការពង្រឹងស្ថាប័ន តុលាការ និងប្រព័ន្ធយុត្តិធម៌។
សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងច្បាប់ ក៏ដូចជាការចរចាកិច្ចព្រមព្រៀង ដើម្បីបង្កើតឡើងនូវអ.វ.ត.ក ដែលជាតុលាការមានអាណត្តិជាប្រវត្តិសាស្រ្ត។ គោលបំណងនៃការជំនុំជម្រះក្តីនេះ គឺដើម្បីស្វែងរក យុត្តិធម៌ ការពិត និងការចងចាំ ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ដែលជាមធ្យោបាយដ៏សំខាន់ មួយក្នុងការគោរព និងការចងចាំដល់ជនរងគ្រោះទាំងអស់ ដើម្បីជួយពង្រឹងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា និងដើម្បីធានា កុំឱ្យមាន សោកនាដកម្មបែបនេះកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា ឬនៅទីណាៗទាំងអស់ នៅក្នុងពិភពលោកនេះ។
ជោគជ័យដ៏ត្រចះត្រចង់របស់សាលាក្តីខ្មែរក្រហម នៅពេលនេះ បានធ្វើឱ្យរូបខ្ញុំរួមនឹងមន្ត្រីបុគ្គលិក ទាំងអស់នៃសាលាក្តីខ្មែរក្រហម នឹកឃើញជានិច្ចនូវការលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញារបស់សម្តេចវិបុលបញ្ញា សុខ អាន ពេលដែលសម្តេច នៅមាន ជន្មាយុ បានចូលរួមចំណែកនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងច្បាប់ ក៏ដូចជាការចរចា កិច្ចព្រព្រៀងជាមួយអង្គការសហប្រជា ជាតិ ដើម្បីបង្កើតឡើងនូវ អ.វ.ត.ក ដែលជាតុលាការមានអាណត្តិជាប្រវត្តិសាស្រ្តនេះ។
សម្តេចវិបុលបញ្ញា សុខ អាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសាលាក្តីខ្មែរក្រហម រហូតដល់តុលាការនេះ បានសម្រេចបាន លទ្ធផលជាច្រើន ក្នុងការនាំយកនូវយុត្តិធម៌ជូន ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងជនរងគ្រោះ ដែលនៅរស់រានមានជីវិតនៅឡើយ ព្រមទាំងស្វែងរកនូវការពិត ជូនមនុស្សជាតិទាំងមូល ពង្រឹងនីតិរដ្ឋ លុបបំបាត់និរទណ្ឌភាព ការផ្សះផ្សារជាតិ ផ្សះផ្សារផ្លូវចិត្តជនរងគ្រោះ និងកសាងសមត្ថភាពមន្ត្រីបុគ្គលិក ព្រមទាំងផ្តល់កេរតំណែល ជាច្រើនទៀតសម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។
សម្តេចវិបុលបញ្ញា សុខ អាន បានលះបង់សព្វបែបយ៉ាងរហូតដល់ដង្ហើមចុងក្រោយរបស់សម្តេចនៅតែនឹកគិតដល់ការងាររបស់សាលាក្តីខ្មែរក្រហមថាតើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យតុលាការចម្រុះកម្ពុជា អង្គការសហប្រជាជាតិនេះបញ្ចប់អាណត្តិ របស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព។
ប្រសិនបើគ្មានការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និង ការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញារបស់សម្តេចវិបុលបញ្ញា សុខ អាន រួមនឹងការចូលរួមគាំទ្ររបស់សហគមន៍អន្តរជាតិផងទេនោះ ក៏មិនមានសមិទ្ធផលដ៏ត្រចេះត្រងចង់នៅពេលនេះដែរ។ អំឡុងពេលនៃការប្រកាសសាលក្រមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលស្តីពី អ.វ.ត.ក បានជម្រាបជូនអ្នករស់រានមានជីវិត ពីរបបកម្ពុជាប្រជាធិបតេយ្យថា ៖
«ថ្ងៃនេះប្រជាជនកម្ពុជា និងពិភពលោកទាំងមូល សូមរំឭកចំពោះអ្នកដែលបានចែកឋានទៅព្រមទាំងអ្នករងគ្រោះដោយសារតែឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម។ យើងសង្ឃឹមថាការជំនុំជម្រះក្តីនិងការចេញសាលក្រមនៃសំណុំរឿង០០២ ដំណាក់កាលទី២នេះពិតជាអាចចែករំលែកការឈើចាប់ និងទុក្ខវេទនារបស់អស់លោក លោក លោកស្រីបានខ្លះជាពុំខាន។ ជាមួយគ្នានេះក៏បាន ថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រប់ភាគីទាំងអស់ក្នុងនោះរួមមានអង្គការសហប្រជាជាតិ រួមនឹងប្រទេសម្ចាស់ជំនួយជាច្រើនផ្សេងទៀត ដែលបានចូលរួមចំណែកធ្វើឱ្យសាលាក្តីខ្មែរក្រហមដំណើរការបានយ៉ាងរលូន ក្នុងបេសកកម្មដ៏ពិសិដ្ឋក្នុងការស្វែងរកយុត្តិធម៌ និងការពិតក្នុងរឿងក្តី ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមជូនជនរងគ្រោះ៕ ដោយ ៖ បញ្ញាស័ក្តិ