ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧០ (១០ ធ្នូ ១៩៤៨ – ១០ ធ្នូ ២០១៨) លោក កឹម សុខា
អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងផ្ទះរបស់ខ្លួន បានអំពាវនាវ ដល់ខ្មែរគ្រប់រូបគួរតែបញ្ឈប់ ការធ្វើឲ្យខ្មែរដូចគ្នាឈឺចាប់ ដោយចាប់ផ្តើមពីការគោរពសិទ្ធិគ្នាទៅវិញទៅមក បង្កើតឲ្យមាន បរិយាកាសសង្គមមួយ ដែលខ្មែរគ្រប់និន្នាការ មានសិទ្ធិមូលដ្ឋាន ។
យោងតាមគេហទំព័រ ហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា “សូមអបអរសាទរ «ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧០» (១០ ធ្នូ ១៩៤៨ – ១០ ធ្នូ ២០១៨)។ សិទ្ធិមនុស្សគឺជាគ្រឹះនៃជីវិតរបស់មនុស្សគ្រប់រូប ព្រោះថាបើមនុស្សម្នាក់ៗគ្មានសិទ្ធិមូលដ្ឋានទេ សន្តិភាព អភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិក៏មិនអាចមាននិរន្តរភាពដែរ។ សិទ្ធិមូលដ្ឋានគឺជាច្បាប់ធម្មជាតិ ពោលគឺមនុស្សគ្រប់រូបកើតមកដោយមានសិទ្ធិទាំងនេះជាប់ខ្លួន។ សង្គមមួយដែលមានការរំលោភសិទ្ធិទាំងនេះ មិនថាតាមរូបភាពណាក៏ដោយ តែងតែបង្កឲ្យមានការឈឺចាប់ ។ ហើយសង្គមមួយដែលពោរពេញដោយការឈឺចាប់នឹងធ្វើឲ្យប្រជាពលរដ្ឋខ្លួនបែកបាក់សាមគ្គី។
ដូច្នេះ ដើម្បីឲ្យសង្គមយើងមានសាមគ្គីភាព សន្តិភាព និងអភិវឌ្ឍន៍ ខ្មែរគ្រប់រូបគួរបញ្ឈប់ការធ្វើឲ្យខ្មែរដូចគ្នាឈឺចាប់ ដោយចាប់ផ្តើមពីការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយបង្កើតឲ្យមានបរិយាកាសសង្គមមួយដែលខ្មែរគ្រប់និន្នាការមានសិទ្ធិមូលដ្ឋាន ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធិទីលំនៅ ពិសេសគឺសិទ្ធិក្នុងការបញ្ចេញមិតិយោបល់និងចូលរួមកសាងសង្គមដោយគ្មានការភ័យខ្លាចនិងរើសអើង” ៕ ដោយ ៖ បញ្ញាស័ក្តិ