ភ្នំពេញ ៖ ស្ត្រីបាននិយាយ បុរសជាអតីតគូរស្នេហ៍ បានយកលុយ និងខ្សែដៃនាងរត់គេចខ្លួន ហើយនោះពេលនាងបានព្យាយាម ទូរស័ព្ទទៅទាមទារលុយ និងខ្សែដៃមកវិញ ត្រូវបុរសនោះ បាននិយាយឡកឡាយថា មិនសងនោះឡើយ ចង់ទៅប្តឹងណាប្ដឹងទៅ មិនតែប៉ុណ្ណោះថែមទាំងបានគំរាមកំហែង ដល់អាយុជីវិតនាងទៀងផង។ ប៉ុន្តែក្រោយរត់ទៅបាត់២ឆ្នាំ ស្រាប់តែនៅថ្ងៃទី១០ធ្នូនេះ ប្រទះឃើញបុរសកំហូចនោះនៅហាងកាហ្វេ ក៏ត្រូវបានស្ត្រីរូបនោះ ក្របួចកអាវទារលុយប្រវាយប្រតប់គ្នា ផ្អើលពេញផ្សារពោធិ៍ចិនតុង។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងកាហ្វេ ទល់មុខផ្សារពោធិ៍ចិនតុង ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ដ្រីនគរបាល បានឲ្យដឹងថា បុរសរូបនោះ មានឈ្មោះ នុន ផល្លា អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅស្រុកស្វាយអន្ទោ ខេត្តព្រៃវែង មានមុខរបររត់តាក់ស៊ី បច្ចុប្បន្នរស់នៅក្នុងបុរី លឹម ឈាងហាក់ ក្នុងខណ្ឌដង្កោ។ ចំណែកខាងស្ត្រីឈ្មោះ ស៊ិន សុខជូរ អាយុ៤៣ឆ្នាំ មុខរបរលក់កាហ្វនៅផ្សារពោធិ៍ចិនតុង។
ស្ត្រី ឈ្មោះ ស៊ិន សុខជូរ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងជាម្ចាស់ហាងលក់កាហ្វេ នៅក្នុងផ្សារពោធិ៍ចិនតុង ហើយបុរសឈ្មោះ នុន ផល្លា នោះជាម៉ូយផឹកកាហ្វេជាប្រចាំ ជារៀងរាល់ថ្ងៃ។ លុះដល់ក្រោយមក រយៈពេល២ឆ្នាំ រូបនាង និងបុរសឈ្មោះ នុន ផល្លានោះ បានមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលជាង១ឆ្នាំ រូបនាង និងបុរសកំណាន់ នុន ផល្លានោះ បានរស់នៅមិនចុះសម្រុងនឹងគ្នា ពួកគេក៏បានចែកផ្លូវគ្នា។ បុរសជាអតីតគូរស្នេហ៍ បានយកខ្សែដៃផ្លាក់ទីន របស់នាង១ដំឡឹង និងលុយចំនួន៥០០ដុល្លារ ទៅជាមួយគេចខ្លួនបាត់ជាង២ឆ្នាំមកហើយ។ ខណៈមកដល់វេលា ម៉ោងកើតហេតុ រូបនាងបានឃើញបុរសកំហូច ដែលជាអតីតគូរស្នេហ៍ កំពុងអង្គុយផឹកកាហ្វេនៅមុខផ្សារពោធិ៍ចិនតុងធ្វើព្រងើយ។
ពេលនោះ រូបនាងបានចូលទៅក្របួចក្រអាវ ដើម្បីទាលុយ និងខ្សែដៃមកវិញ ទើបបានបង្កទៅជាការប្រវាយប្រតប់គ្នា ទៅមកបង្កឲ្យមានការភ្ញាក់ផ្អើល ពេញហាងកាហ្វេ និងផ្សារចិនតុង ហើយបានទាញយកសោរថយន្ត ចាក់ត្រូវក្បាលបុរសនោះ បណ្តាលឲ្យរបួស។ បន្ទាប់ពីកើតហេតុ នគរបាលប៉ុស្តិ៍កាកាប១ បានចុះទៅអន្តរាគមន៍ឃាត់ និងនាំពួកគេទាំង២ មកដោះស្រាយគ្នានៅប៉ុស្តិ៍។
ក្នុងពេលដែលសមត្ថកិច្ចធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នោះ ស្ត្រីរូបនោះ បានព្រមព្រៀងយល់ព្រម មិនយកលុយ និងខ្សែនោះទេ តែឲ្យនគរបាលជួយធ្វើកិច្ចសន្យា ជាមួយបុរសឈ្មោះ នុន ផល្លា ដើម្បីរក្សាការពារខ្លួន ពីការគំរាមកំហែង របស់អតីតគូរស្នេហ៍នោះទៀត៕ ដោយ ៖ រចនា