អង្គការលីកាដូ បានផ្សាយថា សាលារាជធានីភ្នំពេញបានហាមឃាត់ទៅលើការហែក្បួននៃថ្ងៃទិវាសិទ្ធិមនុស្សនាព្រឹកនេះ ប៉ុន្តែការប្រារព្ធទិវានេះនៅតែអាចប្រព្រឹត្តទៅបាន ទោះបីជាមានកងកម្លាំងប្រដាប់អាវុធជាច្រើន ត្រូវបានដាក់ពង្រាយនៅទីតាំងប្រារព្ធទិវា (ប្រហែល៤គីឡូម៉ែត្រពីកណ្ដាលរាជធានីភ្នំពេញ) ដែលអាជ្ញាធរបានអនុញ្ញាត។ កងកម្លាំងប្រដាប់អាវុធដែលមានពាក់មួកការពារសុវត្ថិភាពទាំងនោះគឺមានចំនួនច្រើនជាងអ្នកចូលរួមទៅទៀត ដែលត្រូវបានដាក់ពង្រាយនៅព័ទ្ធជុំវិញទីតាំងប្រារព្ធទិវា។
កម្មកររោងចក្រកាត់ដេរ កសិករ គ្រូបង្រៀន សហជីព តំណាងសហគមន៍ និងក្រុមយុវជន រាប់រយនាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យថ្មី ស្ថិតក្នុងខណ្ឌឬស្សីកែវ ដែលត្រូវបានរៀបចំឡើងដោយសហជីពនិងសមាគមមួយចំនួន។ សាលារាជធានីភ្នំពេញបានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើអ្នករៀបចំកម្មវិធីនៅតែធ្វើការហែក្បួនដែលអាច “ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ” ទោះបីជាថ្ងៃទី១០ ខែធ្នូនេះជាថ្ងៃឈប់សម្រាក ដែលមិនសូវមានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីក៏ដោយ។
ទោះបីជាមានការប្រកាសរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះអំពីការឈប់រឹតត្បិតលើក្រុមសង្គមស៊ីវិលក្ដី ក៏អាជ្ញាធរនៅតែត្រូវបានចោទប្រកាន់ថា នៅតែបន្តការរឹតត្បិតលើចលនារបស់សហគមន៍នៅទូទាំងប្រទេស ដោយហាមឃាត់អ្នកទាំងនោះមិនឱ្យជួបជុំគ្នាជាសាធារណៈ និងទាមទារឱ្យមានលិខិតអនុញ្ញាត ថែមទាំងចាត់ចែងទីតាំងជួបជុំគ្នារបស់អ្នកទាំងនោះទៅវិញ។
នៅខេត្តរតនគិរី ក្រុមយុវជននិងសហគមន៍ ត្រូវបានរាយការណ៍ថា មានការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ពីសំណាក់ការិយាល័យសាលាខេត្ត រួមមាន ការទាមទារឱ្យធ្វើសំណើរជាលាយលក្ខណ៍អក្សរក្នុងការរៀបចំទិវានេះ និងព្រមានចាប់ខ្លួនប្រសិនបើអ្នកទាំងនោះប្រារព្ធទិវាដោយគ្មានលក្ខខណ្ឌទាំងនេះ។
នៅខេត្តបន្ទាយមានជ័យវិញ អាជ្ញាធរបានបញ្ឈប់ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ មកពីសហគមន៍ចំនួន៦ ពីការជួបជុំគ្នានៅក្រុងសិរីសោភ័ណ។ អ្នកទាំងនេះ ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីភូមិ និងត្រូវបានបញ្ឈប់នៅតាមផ្លូវធ្វើដំណើរ។ អ្នកទាំងនោះត្រូវបានប្រាប់ថា ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរស្រុក និងខេត្ត ដើម្បីអាចចូលរួមប្រារព្ធទិវានេះបាន។
សហគមន៍នៅតំបន់ដាច់ស្រយាលចំនួន៥ នៅខេត្តកោះកុង ត្រូវបានបង្ខំឱ្យផ្លាស់ប្ដូរទីតាំងប្រារព្ធទិវាពីកីឡដ្ឋានបាល់ទាត់ខេត្ត មកធ្វើនៅក្នុងសាលមហាស្រពវិញ។
ទោះបីជាមានការគំរាមកំហែង និងរឹតត្បិតជាច្រើនក៏ដោយ ក៏សហគមន៍នៅទូទាំងប្រទេសបានចូលរួមប្រារព្ធទិវាសិទ្ធមនុស្សអន្តរជាតិតាមរយៈ ការសម្ដែងរឿងខ្លីៗ ការប្រគុំតន្ត្រី ការពិភាក្សាគ្នា និងស្នើសុំឱ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងបញ្ឈប់ការរំលោភបំពានដែលកំពុងកើតមានឡើង។
ប្រជាពលរដ្ឋជាង៧០០០នាក់ នៅរាជធានីនិងខេត្តចំនួន១៣ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលបានចាប់ផ្ដើមពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨មក៕ ដោយ៖រចនា