ភ្នំពេញ ៖ ការស្នើ ត្រូវបានបញ្ជាក់ក្នុងលិខិតអបអរសាទរ របស់ក្រុមសហជីព ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងវិស័យការងារទាំងក្នុង និងក្រៅប្រព័ន្ធ ។ ក្រុមសហជីពទាំងនោះ បានស្នើទៅរាជរដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាធំៗ ៦ចំណុច ក្នុងនោះក្រុមសហជីពក៏បានស្នើឱ្យរាជរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យសំណង់ និងសេវាកម្មផងដែរ។
បញ្ហាមួយចំនួនដែលសហជីព ស្នើទៅកាន់រាជរដ្ឋាភិបាលនោះរួមមាន៖
១៖ សូមឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍ ឱ្យនិយោជកទទួលយកថ្នាក់ដឹកនាំ និងសកម្មជនសហជីព ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារដោយខុសច្បាប់ ដើម្បីឱ្យសកម្មជនសហជីពទាំងនោះបានចូលធ្វើការវិញ និងសងប្រាក់រំលឹកដល់ពួកគេផងដែរ។
២៖ ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញនូវមាត្រាមួយចំនួន នៃច្បាប់ស្ដីពីសហជីព។
៣៖ ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញ ចំពោះប្រកាសលេខ ៣០៣ក.ប/ប្រ.ក.គ.ក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ស្ដីពីភាពជាតំណាងបំផុតនៃសហជីព។
៤៖ ស្នើឱ្យរាជរដ្ឋាភិបាលផ្ដល់សច្ចាប័នដល់អនុសញ្ញា ILO លេខ១៤៩ ស្ដីពីការការពារកម្មករធ្វើការតាមផ្ទះក្នុងស្រុក និងទេសន្តប្រវេសន៍។
៥៖ ស្នើឱ្យរាជរដ្ឋាភិបាលជំរុញការអនុវត្តច្បាប់ ស្ដីពីការងារចំពោះកម្មករធ្វើការងារតាមផ្ទះ។
៦៖ ស្នើឱ្យរាជរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យសំណង់ និងសេវាកម្ម៕ ដោយ៖រចនា