អតីតអ្នកការទូតកាណាដាម្នាក់ ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសចិន ខណៈដែលចៅហ្វាយរបស់គាត់បានបញ្ជាក់ថា កំពុងធ្វើការដើម្បីឲ្យមានការដោះលែងអតីតអ្នកការទូតនោះ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធនេះ។
អង្គការវិបត្តិអន្តរជាតិ (International Crisis Group) បានឲ្យដឹងថា ខ្លួនបានដឹងពីសេចក្តីរាយការណ៍ពីចាប់ខ្លួនលោក Michael Kovrig។
ចំណែកនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបញ្ជាក់ថា កាណាដាកំពុងធ្វើការទាក់ទងដោយផ្ទាល់ជាមួយនឹងអាជ្ញាធរចិនជុំវិញករណីនោះ។
ការចាប់ខ្លួនអតីតអ្នកការទូតកាណាដាដោយអាជ្ញាធរចិន កើតឡើងប្រហែលជិត ២សប្តាហ៍ បន្ទាប់ពីមានការចាប់ខ្លួនអ្នកស្រី Meng Wanzhou នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei។
នាយករដ្ឋមន្ត្រីកាណាដាបញ្ជាក់ថា ករណីនោះកំបុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ចំណែកក្រសួងការបរទេសកាណាដាមិនបានផ្តល់ពត៌មានលំអិតបន្ថែមពីហេតុការណ៍ ឬកិច្ចចរចារជាមួយនឹងប្រទេសចិនឡើយ។
ភាពតានតឹងរវាងកាណាដា និងចិន កំពុងតែកើនឡើងខ្លាំង ក្រោយពេលមានការចាប់ខ្លួនមេរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei កាលពីថ្ងៃទី ១ ខែធ្នូនេះ។ នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei រងការចោទប្រកាន់ពីបទក្លែងបន្លំ ជុំវិញទណ្ឌកម្មរបស់អាមេរិចប្រឆាំងនឹងប្រទេស អ៊ីរ៉ង ហើយអាចប្រឈមនឹងការជាប់គុករយៈពេល ៣០ឆ្នាំបើរកឃើញកំហុសដូចការចោទ។
សូមបញ្ជាក់ថា លោក Michael Kovrig គឺជាអតីតអ្នកការទូតកាណាដា ដែលធ្លាប់ធ្វើការក្នុងទីក្រុងប៉េងកាំង ហុងកុង និងនៅអង្គការ សហប្រជាជាតិ៕ សុភ័ក្ត្រ
ប្រភព៖ BBC