Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នើ​ឲ្យ​បង្កើត​ចលនា​ជាតិ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺអេដស៍​

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​រួមគ្នា ធ្វើ​ចលនា​ជាតិ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍ ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​សូន្យ នៅ​ឆ្នាំ​មុខ ដូច​ជំងឺគ្រុនចាញ់​និង​ជំងឺ​គ្រុន​ស្វិតដៃជើង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​យុវជន​បែបនេះ​ក្នុង អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ជិត ២​ម៉ឺន​នាក់ នៅក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១២​ខែ​ធ្នូ​នេះ​។ សម្តេច​តេជោ ហ៊ុន សែន អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​អត្រា​រីក​រាលដាល នៃ​ការឆ្លង​ជំងឺអេដស៍​ខ្ពស់​ជាងគេ​។ សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ដល់​ពួកគេ​ឲ្យ ចេះ​ការពារ​ខ្លួន កុំឲ្យ​ឆ្លង​ជំងឺអេដស៍​ផងដែរ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍ថា ប្រទេស​របស់​យើង​មានការ​ហក់​ឡើង បន្តិច​វិញ​នៃ​ជំងឺអេដស៍​។ ខ្ញុំ​សុំ​អំពាវនាវ បង្កើត​ជា​ចរន្ត​ជាតិ​មួយ នៃ​ការការពារ​ខ្លួន កុំឲ្យ​ឆ្លង​មេរោគ​អេដស៍ ព្រោះ​អ្នក​ដែល​វេទនា មិនមែន​អ្នក​ដទៃ ក្រៅ​ពី​អ្នក​កើត​ជំងឺ​អេដស៍​ទេ​។

អញ្ចឹង​សុំ​អំពាវនាវ ត្រូវធ្វើ​ឲ្យបាន​ច្បាស់ អំពី​បញ្ហា​នេះ ត្រូវ​ធានា​ថា​អនាគត​របស់​ប្រទេស​យើង គឺ​ឈាន​ដល់​អត្រា​សូន្យ នៃ​ជំងឺអេដស៍ ដូចជា​អត្រា​សូន្យ​នៃ​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២០២៥ ឬក៏​អត្រា​សូន្រ​នៃ​ជំងឺ​គ្រុន​ស្វិត​ដៃជើង នា​ឆ្នាំ​១៩៩៧ និង​អត្រា​សូន្យ នៃ​ជំងឺខ្វាក់មាន់​។ បើ​វា​មិន​ឈាន​ដល់​អត្រា​សូន្យ ឥឡូវ​យើង​នៅ​អត្រា ០,៦​ភាគរយ បើ​មិន​ចុះ​ដល់​សូន្យ យើង​ធ្វើ​ឲ្យ​ចុះ ០,៥ ០,៤ ០,៣ 0,២ ០,១ ០,០ តែ ម្តង​។ ធម្មជាតិ ពូ​មិន​ហ៊ាន​ហាម​ទេ ប៉ុន្តែ​គេ​មាន​វិធី​ការពារ ជាពិសេស​ស្រោមអនាម័យ​ដែល​ជា​ប្រដាប់​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បន្តថា សូម​ធ្វើ​យ៉ាងម៉េច ឲ្យក្លាយ​ជា​ចលនា​ជាតិ ជាពិសេស​យុវជន​របស់​យើង យើង​គ្មាន​សិទ្ធិ​ហាមឃាត់ ទៅ​ការស្រឡាញ់​ភេទ​ដូចគ្នា​ទេ​។ ខ្ញុំ​សុំ​កុំឲ្យ​មាន​ការរើសអើង​ជាមួយ​នឹង​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ក៏​ប៉ុន្តែ​បើ​យោង​តាម​ការ​គណនា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នានេះ គឺជា​អ្នក​ដែល​រីក​រាលដាល ជំងឺអេដស៍​លឿន មិន​ថា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​មិន​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ ត្រូវ​ខិតខំ​ពង្រឹង​ទប់ស្កាត់ ការរីក​រាលដាល ហើយ​អ្នក​ដែល​មាន​ជំងឺ​អេដស៍​កុំទៅ​ចម្លង​ដាក់​គេ ។ បានជា​ជ្រុល​កើត​ហើយ ដាក់​ថែម​នាង​ឯង​មួយទៀត ឬក៏​នាង​ឯង​កើត​ជំងឺអេដស៍​ហើយ ក៏​មក​ដាក់​ថែម​លោក​ឯង​មួយទៀត ក៏​មិន​អី​ដែរ ។ សម្តេច​តេជោ បញ្ជាក់ថា ការធ្វើ​បែប​នេះ គឺ​ក្លាយទៅជា​អ​គុណធម៌​ទៅវិញ​នោះទេ “​។​

​លោក​វេជ្ជបណ្ឌិត លី ពេញ​ស៊ុន ប្រធាន​មជ្ឈមណ្ឌល​អេដស៍ បានឲ្យដឹងថា កាលពី​ឆ្នាំ​២០១៤ ចំនួន​អ្នក​កើត​ជំងឺអេដស៍ ដែល​ស្រឡាញ់​ភេទ​ដូចគ្នា បាន​កើនឡើង ២,៣​ភាគរយ​។ ឆ្នាំ​២០១៨​នេះ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ពិតជា​កើនឡើង​ម្តងទៀត គួរឲ្យ កត់សម្គាល់ តែ​មិន​ទាន់​កំណត់​ចំនួន​បាន​នោះ​ទេ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ​ជា ៦៧.០០០​នាក់ នៅ​ប្រទេស​កម្ពុជា កំពុង​រស់នៅ ជាមួយ​មេរោគ​អេដស៍ ហើយ​ទទួលបាន​ការព្យាបាល​យ៉ាង​ទៀងទាត់​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នានា​៕ ​ដោយ​ ៖ ​កូឡាប​

SONY DSC

×