តាកែវ ៖ ក្រោយមានការតវ៉ាពីក្រុមអាជីវករ ជាង៥០នាក់ ដែលតវ៉ាជាមួយនិងប្រធានផ្សារព្រៃសណ្តែក ឋិតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះមកពិនិត្យមើលកាសាងសង់ផ្សារ នឹងធ្វើការដោះស្រាយជូនអាជីវករដែលកំពុងមានទំនាស់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ។
ក្រោយពេលចុះពិនិត្យផ្សាររួច អភិបាលខេត្តតាកែវ បានធ្វើការណែនាំអោយប្រធានផ្សារព្រៃសណ្តែក ធ្វើការកែលម្អរនៅចំណុចខ្វះខាតមួយចំនួន អោយស្របទៅតាមសំណង់បច្ចេកទេសស្តង់ដារនៃផ្សារ ដែលមានសុវត្តិភាព ផាសុខភាពខ្ពស់ មានខ្យល់ចេញចូលល្អ ។
ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ បានអោយលោកឈួន ផានី អភិបាលស្រុកទ្រាំង កោះហៅក្រុមអាជីវករដែលមកធ្វើការតវ៉ាជាមួយនិងប្រធានផ្សារទាំង ៥៤នាក់នោះ មកធ្វើការសួរនាំនៅសាលាស្រុកទ្រាំង ចង់ដឹងពីហេតុផលដែលពួកគាត់តវ៉ា ដើម្បីងាយស្រួលក្នុងការរកមើលចំណុចណាមួយ ធ្វើការដោះស្រាយ អោយមានការទទួលយកទាំងសងខាងរវាងភាគីប្រធានផ្សារ និងក្រុមអាជីវករ ។
សូមបញ្ជាក់ផងដែរថា ក្រុមអាជីវករដែរធ្វើការតវ៉ានោះ គឺ ភាគច្រើនគឺធ្វើការតវ៉ាលើទីតាំង អ្នកដែលលក់ដាក់លើកញ្ច្រែង កញ្ជើរ ល្អី និងតូបលក់បបរ គុយទាវនៅក្នុងផ្សារ ចំណែកមួយផ្នែកទៀតពាក់ព័ន្ធនឹងការបាត់បង់នូវទំហំតូបថយចុះ និងតម្លៃ ។
ក្រោយពីប្រមូលបានបញ្ហាដែលជាការសំណូមពរពីក្រុមអាជីវករផ្សារព្រៃសណ្តែកខាងលើ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការប្រជុំពិក្សារមួយជាមួយនិងប្រធានផ្សារ តែនៅពុំទាន់ដឹងថា មានដំណោះស្រាយយ៉ាងណានៅឡើយទេ ៕ ដោយ ៖ តាកែវ