ភ្នំពេញ ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គម្រោងរថយន្តគ្លីនិកចល័តនេះ គឺជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសុខាភិបាល លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល រថយន្តគ្លីនិកចល័ត ចំនួន២០គ្រឿង លើកទីពីរ ជាមួយ លោក ដេង បូហ្គីង (Deng Boqing) អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់ការអភិវឌ្ឍន៍ (China International Development Cooperation Agency)។
លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងការអរគុណ ចំពោះមិត្តចិនជាពិសេស ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ជំរុញឱ្យគម្រោងនានា លេចចេញជារូបរាងយ៉ាងឆាប់រហ័ស ហើយនេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីគម្រោងមួយចំនួន ដែលបាននិងកំពុងអនុវត្ត រួមមាន រថយន្តគិលានសង្គ្រោះចំនួន២០០គ្រឿង ម៉ាស៊ីនអេកូសាស្ត្រចំនួន២០០គ្រឿង ការសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងរថយន្តគ្លីនិកចល័ត ដែលសរុបទាំងពីរលើកចំនួន៤០គ្រឿង។ រថយន្តគ្លីនិកចល័តទាំង២០គ្រឿងលើកទីពីរនេះ នឹងប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកោះកុង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តរតនគីរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។
លោក រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ កើតមានឡើងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងការគាំទ្រពេញទំហឹងរបស់ លោក ស៊ី ជឹងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក រដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងគំនិតផ្តួចផ្តើមខ្សែ ក្រវ៉ាត់ និងផ្លូវ ប្រជាជន និងប្រទេសកម្ពុជានឹងទទួលបានជំនួយថ្មីៗបន្ថែមទៀត ជាពិសេសគម្រោងនានាមួយចំនួន ដូចជា គម្រោងពង្រឹងសមត្ថភាពមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង និងគម្រោងពង្រីកមន្ទីរពេទ្យព្រះអង្គឌួង ដែលអាចនឹងទទួលបានការអនុម័ត នាពេលឆាប់ៗខាងមុខ៕ ដោយ ៖ បញ្ញាស័ក្តិ