ផ្ទះរបស់គ្រួសារមួយនៅ Batubulan, Gianyar ប្រទេសឥណ្ឌូនេស៊ី បានដួលរលំទៅក្នុងទន្លេ នៅម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានសម្លាប់ម្តាយម្នាក់ និងកូន៣នាក់ រីឯឪពុករងរបួសធ្ងន់ធ្ងរ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រឹះនៃផ្ទះនេះដែលស្ថិតនៅពីលើដងទន្លេ Tiyis មានមជ្រៅ ១០ ម៉ែត្រ បានចាប់ផ្តើមលែងមានលំនឹង ដោយសារតែភ្លៀងធ្លាក់ខ្លាំង ។
បន្ទាប់ហេតុការណ៍នេះកើតឡើង ប៉ូលីសក្នុងតំបន់ និងក្រុមរុករក និងសង្គ្រោះ មកពីទីភ្ញាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ Gianyar និងកងកម្លាំងយោធាស្រុក Gianyar បានមកដល់កន្លែងកើតហេតុបើកស្រុតដីនៅលើ Jl. Pratu ។
Nusa Bali បានរាយការណ៍ថា កិច្ចខិតខំជម្លៀស ត្រូវបានធ្វើឡើងនៅម៉ោង ៨ ព្រឹក ដោយដាក់ពង្រាយកម្លាំងសង្គ្រោះប្រមាណ ៣៥០ នាក់ បំពាក់ជាមួយឧបករណ៍ធ្ងន់ៗ ញញួរ និងរណារ ។
លទ្ធផលនៃការរុករក បានរកឃើញសាកសពចំនួន ៤ នាក់ ក្នុងនោះមានឈ្មោះនៅក្នុងរបាយការណ៍៖ Ni Made Lintang Ayu Widmerti អាយុ ៣១ ឆ្នាំ ហើយកូនៗ៣នាក់របស់នាងឈ្មោះ Ni Putu Deta Vania Larasati អាយុ ៦ ឆ្នាំ, I Made Adin Radita Paguna អាយុ ៣ ឆ្នាំ និង I Nyoman Ali Anggara Paguna អាយុ ២ ឆ្នាំ ។ ចំណែកប្តីរបស់នាងត្រូវបានរកឃើញនៅមានជីវិត ប៉ុន្តែ បានរងរបួសធ្ងន់ធ្ងរ ៕ ដោយ៖ ឧត្តម