ក្មេងស្រីឥណ្ឌាម្នាក់អាយុ ៧ឆ្នាំបានសរសេរសំបុត្រទៅកាន់ប៉ូលីស ដោយស្នើឲ្យចាប់ឪពុករបស់នាង ដោយសារគាត់ថា សន្យាថានឹងសាងសង់បង្គន់ក្នុងផ្ទះអោយនាង ប៉ុន្តែគាត់មិនធ្វើតាមការសន្យាសោះ។
ក្មេងស្រីម្នាក់នោះមានឈ្មោះថា Hanifa Zaara។ ក្នុងសំបុត្រ នាងសរសេរថា “ប៉ានាងបានបោកប្រាស់នាង ដូច្នេះគាត់គួរត្រូវចាប់ខ្លួន។ នាងនិយាយទៀតថា ខ្ញុំពិតជាមានការខ្មាស់អៀនខ្លាំងណាស់ក្នុងការបន្ទោរបង់នៅខាងក្រៅផ្ទះ”។
ក្មេងស្រីនោះរស់នៅជាមួយឪពុកម្តាយក្នុងទីក្រុង Ambur នៃរដ្ឋ Tamil Nadu។ នាងមិនដែលមានបង្គន់ប្រើសោះនៅក្នុងផ្ទះនាង។
ដោយឃើញអ្នកជិតខាងមួយចំនួនមានបង្គន់ប្រើប្រាស់ នាងបានសុំឲ្យប៉ានាងសង់វាមួយសម្រាប់នាង ដោយសារតែនាង មានការខ្មាស់អៀន និងមានអារម្មណ៍មិនល្អសោះ នៅពេលនាងបន្ទោរបង់កណ្តាលវាល ហើយមានមនុស្សក្រឡេកមើលនាង។
ក្នុងសំបុត្រទៅកាន់ប៉ូលីស នាងនិយាយទៀតថា “ប៉ារបស់ខ្ញុំនិយាយថា នឹងសង់បង្គន់ក្នុងផ្ទះសម្រាប់នាង ប្រសិនជានាងរៀនបានពិន្ទុខ្ពស់ក្នុងថ្នាក់”។
ក្មេងស្រីពូកែនោះនិយាយថា “ខ្ញុំបានពិន្ទុខ្ពស់ហើយ ខ្ញុំបានចំណាត់ថ្នាក់លេខ ២ក្នុងថ្នាក់ ប៉ុន្តែប៉ារបស់ខ្ញុំ នៅតែនិយាយថា ខ្ញុំនឹងសង់វា”។
នាងបន្តទៀតថា “ការនិយាយរបស់ប៉ានាង គឺជាការបោកប្រាស់ ដូច្នេះប៉ូលីសគួរចាប់គាត់។ ប្រសិនជាមិនចាប់គាត់ ខ្ញុំចង់ឲ្យប៉ូលីស បង្ខំគាត់ឲ្យធ្វើលិខិត្រមួយដោយមានចុះហត្ថលេខាថា គាត់នឹងសង់បង្គន់សម្រាប់នាង”។
សូមបញ្ជាក់ថា មានប្រជាជនឥណ្ឌាជិត ៥០០លាននាក់មិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវនោះទេ ហើយពួកគេភាគច្រើនបន្ទោរបង់នៅកណ្តាលវាល៕ សុភ័ក្ត្រ
ប្រភព៖ BBC