អ្នកគ្រូម្នាក់ដែលពុំត្រឹមតែចំណេះដឹងខ្ពង់ខ្ពស់នោះទេ តែថែមទាំងមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិមិនចាញ់តារាៗ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន នាំគ្នាកោតសរសើរពុំដាច់ពីមាត់នោះទេ ដែលរហូតមានអ្នកខ្លះចូលខមិនលេងសើចថា បើមានអ្នកគ្រូស្អាតអីចឹង កូនសិស្សច្បាស់ជារៀនមិនចូលទេ និងសូម្បីថា បើមានអ្នកគ្រូស្អាតអីចឹង បើបានធ្វើជាកូនសិស្សច្បាស់ណាស់ជាសុំបន្តរៀនត្រួតថ្នាក់ហើយ… ។
យ៉ាងណាមិញ ភ្ជាប់ជាមួយការកោតសរសើរយ៉ាងខ្លាំង ដែលមានអ្នក Like, Cmt និង Share រាប់ K នេះផងដែរ គឺបានផ្ទុះឡើងបន្ទាប់ពីអ្នកគ្រូអក្សរសាស្ត្រខ្មែរវ័យក្មេងរូបស្រស់នេះ បានបញ្ចេញសំណេរដ៏វែងអន្លាយឆ្លើយតបនឹងសំណួរមួយថា៖ «ហេតុអ្វីក៏ចង់ក្លាយជាគ្រូបង្រៀនទៅវិញ?» ។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន អ្នកគ្រូ ម៉ាលី បានសរសេររៀបរាប់ឆ្លើយតបនឹងសំណួរខាងលើនេះយ៉ាងដូច្នេះថា៖
«មានមនុស្សជាច្រើនតែងសួរខ្ញុំថា ហេតុអ្វីក៏ចង់ក្លាយជាគ្រូបង្រៀនទៅវិញ?ចម្លើយនោះគឺ ខ្ញុំស្រឡាញ់ការបង្រៀន ការបង្រៀនចែករំលែកចំណេះដឹងដល់សិស្សប្រៀបដូចជាឱសថទិព្វមួយសម្រាប់ខ្ញុំអ៉ីចឹង។ មុខរបរជាគ្រូបង្រៀនដែលមនុស្សមួយចំនួនតែងនិយាយថាស្រួលគ្មានហត់អីទេ តែការយល់ឃើញនេះហាក់ផ្ទុយស្រឡះពីការគិតរបស់ខ្ញុំ ព្រោះថាការបង្រៀនមិនមែនស្រួលនោះតែ គ្រូតែងតែខិតខំរកវិធីសាស្ត្រល្អៗ រកគិតថាត្រូវបង្រៀនបែបណាឱ្យសិស្សយល់ និងចងចាំបានល្អ គេងគិតនឹកគិតគ្រប់វេលា ពេលខ្លះមានអារម្មណ៍ថាហត់តែខ្ញុំមិនដែលបោះបង់ទេ ព្រោះវាជាក្តីស្រមៃរបស់ខ្ញុំតាំងតែពីក្មេង។ មុខរបរមួយនេះទោះមិនមានបានដូចគេតែ ជាការងារមួយដែលខ្ញុំស្រឡាញ់ហើយធ្វើវាចេញពីចិត្តដោយភាពពេញចិត្ត។
ភាពជោគជ័យកើតចេញមកពីការតាំងចិត្តហើយខិតខំរបស់យើង។គ្រូបង្រៀនតែងចង់ឃើញកូនសិស្សរបស់ខ្លួនជោគជ័យនិងមានអនាគតល្អ គ្មានគ្រូណាម្នាក់ដែលមិនចង់ឃើញកូនសិស្សជោគជ័យឡើយ។
ខ្ញុំដឹងថាពេលខ្លះការស្ដី បន្ទោសរបស់ខ្ញុំធ្វើឱ្យកូនសិស្សមួយចំនួនអន់ចិត្ត តែការដែលស្ដីបន្ទោសព្រោះចង់ឱ្យពួកយើងល្អ។ ការងារមួយនេះគឺបង្កប់នូវរយលានអត្ថន័យនិងការចងចាំ ខ្ញុំនៅចាំបានថាខ្ញុំមានថ្ងៃនេះក៏ដោយសារតែគ្រូបង្រៀន លោកគ្រូអ្នកគ្រូដែលបានបង្រៀនខ្ញុំតាំងបីថ្នាក់បឋមសិក្សា រហូតដល់សាកលវិទ្យាល័យគឺគាត់លំបាកណាស់ក្នុងការបង្រៀនពួកយើងឱ្យក្លាយជាមនុស្សល្អក្នុងសង្គមហើយខ្ញុំក៏មិនដែលភ្លេចគុណពួកគាត់ដែរ។ ចំណុចមួយទៀតខ្ញុំបង្រៀនសិស្សមិនដែលឱ្យសិស្សខ្លាចខ្ញុំឡើយ ហើយក៏គ្មានសិស្សណាម្នាក់ខ្លាចខ្ញុំដែរ តែខ្ញុំបង្រៀនសិស្សឱ្យចេះគោរពនិងឱ្យតម្លៃគ្រូទៅវិញទេ។នេះគឺជាមោទកភាពមួយសម្រាប់ខ្ញុំដែលខ្ញុំឈានដើរមកដល់ចំណុចនេះ។ #ខ្ញុំស្រឡាញ់អាជីពជាគ្រូបង្រៀន ចុះអ្នកវិញ?»៕ ដោយ៖ ឧត្តម