ភ្នំពេញ ៖ លោកអភិបាលរាជធានី បានលើកឡើងថា ដើម្បី ចូលរួមអនុវត្ត ការងារជំរឿនទូទៅរបស់ប្រជាជននៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព សូមអភិបាលខណ្ឌ និងមន្ត្រីបំពេញ ការងារទាក់ទងនិងជំរឿនប្រជាជនឆ្នាំ២០១៩ ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានទាន់ពេលវេលា និងតាមផែនការសកម្មភាពដែលគ្រោងទុក។
រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីប្រកាស គណៈកម្មាធិការជំរឿនទូទៅប្រជាជនថ្នាក់រាជធានី ខណ្ឌ និងផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។
ក្រោមអធិបតីភាពលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិសិ្ថតិ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក អភិបាល ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានមន្ត្រីទាំងអស់ ត្រូវសហការគ្នា ដើម្បីជំរុញកិច្ចការងារជំរឿនទូទៅ ប្រជាជនថ្នាក់រាជធានី ខណ្ឌ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា សំណូមពរជាពិសេស សូមបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអស់ ត្រូវចូលរួមសហការផ្ដល់ព័ត៌មាន ជូនមន្ត្រីចុះធ្វើជំរឿនឲ្យបានគ្រប់ៗគ្នា។
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សុំឲ្យមន្ត្រីចុះជំរឿនប្រជាពលរដ្ឋ តាមមូលដ្ឋានត្រូវចុះមុខរបរ ឋានៈ តួនាទី និងកំរិតវប្បធម៌របស់បុគ្គល ចូលក្នុងតារាងបញ្ជីស្ថិតិឲ្យបានច្បាស់លាស់ ដើម្បី រក្សាបាននូវធនធានមនុស្សពិតប្រាកដ និងទទួលបានទិន្នន័យច្បាស់លាស់ ប្រកបដោយជោគជ័យ។
លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទក់អគ្គនាយកដ្ឋានជាតិស្ថិតិ នៃក្រសួងផែនការ បានមានប្រសាសន៍ថា ការធ្វើជុំរឿនប្រជាជននៅរាជធានីភ្នំពេញ ក៏ដូចបណ្តាខេត្ត នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះតទៅ។
លោកស្រី បានបន្តថា ការជំរឿនប្រជាជន ឆ្នាំ២០១៩នេះ ការចំណាយ គឺបានប្រើប្រាស់ថវិកាជាតិទាំងស្រុង ដូច្នេះ ដើម្បី ឲ្យការងារ ជំរឿនទទួលបានដោយជោគជ័យ និងមានប្រសិទ្ធិភាព វិទ្យាស្ថានជាតិស្ថិតិ សុំឲ្យអភិបាលរាជធានី និងអាជ្ញាធរតាមមូលដ្ឋាន ជួយជំរុញនៅក្នុងកិច្ចការងារនេះ ដើម្បីឲ្យការជំរឿនប្រជាជននៅរាជធានីភ្នំពេញ បានជោគជ័យ មានភាពច្បាស់លាស់ ទទួលទិន្នន័យគ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ តាំងនាមក្រសួងផែនការ នៃការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ កិច្ចការនេះ វិទ្យាស្ថានជាតិស្ថិតិបានធ្វើកិច្ចការជាមួយប្រធានមន្ទីរផែនការរាជធានី ខេត្តទាំង១៥សង្ឃឹមថាឯកឧត្តមអភិបាលរាជធានី ជួយជ្រោមជ្រែងកិច្ចការងារនេះ ដើម្បី ឲ្យជំរឿននៅរាជធានីភ្នំ ពេញទទួលបានជោគជ័យ មានទិន្នន័យគ្រប់ជ្រុងជ្រោយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ជំរឿនគឺជាការងារអព្យាក្រិត្យ មិនពាក់ព័ន្ធនិងសកម្មភាពនយោបាយ ពន្ធដារ ដីធ្លី ឬអន្តោប្រវេសន្តិ៏នោះឡើយ។ ការធ្វើជំរឿនទូទៅ ប្រជាជន នៃព្រះរាជាណាកច្រកម្ពុជា បានធ្វើចំនួន៣លើករួចមកហើយ គឺលើកទី១ឆ្នាំ១៩៦២ និងត្រូវបានខកខានអស់ រយៈពេល៣៦ឆ្នាំ បណ្តាលមកពីសង្គ្រាមនៅក្នុងប្រទេស។ លើកទី២ ឆ្នាំ១៩៩៨ និងលើកទី៣នៅ ឆ្នាំ២០០៨។ ឯកឧត្តម អភិបាលបញ្ជក់ថា ចំពោះការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ ខាងមុខ គឺជាការជំរឿនលើកទី១ ។ ដូចនេះ ដើម្បី ចូលរួមអនុវត្ត ការងារជំរឿនទូទៅរបស់ប្រជាជននៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព សូមអភិបាលខណ្ឌ និងមន្ត្រីបំពេញ ការងារទាក់ទងនិងជំរឿនប្រជាជនឆ្នាំ២០១៩ ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានទាន់ពេលវេលា និងតាមផែនការសកម្មភាពដែលបានគ្រោងទុកប្រកបដោយគុណភាពទទួលបានជោគជ័យ ដើម្បី ឆ្លើយ តបទៅនិងការចំណាយថវិការបស់ជាតិ៕ ដោយ ៖ កូឡាប