ពលរដ្ឋកាណាដាម្នាក់ទៀត ត្រូវបានអាជ្ញាធរចិនចាប់ និងឃុំខ្លួនពីបទគំរាមកំហែងដល់សន្តិសុខជាតិចិន។ ការចាប់ខ្លួននេះកើតឡើង ខណៈភាគតានតឹងរវាងប្រទេសទាំងពីរកាន់តែក្តៅឡើង។
ភាគីខាងចិន បានធ្វើការបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោក Michael Spavor ដែលជាអ្នកជំនួញត្រូវបានឃុំខ្លួន។ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរចិន បានចាប់អតីតអ្នកការទូតកាណាដាម្នាក់ ដែលធ្លាប់ធ្វើកិច្ចការនៅទីក្រុងប៉េងកាំង។
ប្រទេសកាណាដា បានធ្វើឲ្យប្រទេសចិនមានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីបានធ្វើការចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei គឺអ្នកស្រី Meng Wanzhou ដែលជាកូនស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុនខាងលើ។ ការចាប់ខ្លួននោះ ធ្វើឡើងតាមសំណើររបស់សហរដ្ឋអាមេរិច។
Meng Wanzhou ត្រូវបានឃុំខ្លួនក្នុងប្រទេសកាណាដា និងអាចនឹងធ្វើបត្យាប័នទៅកាន់អាមេរិច។ អ្នកស្រីបានធ្វើការបដិសេធថា អ្នកស្រីរំលោភទណ្ឌកម្មរបស់អាមេរិចប្រឆាំងនឹងប្រទេសអ៊ីរ៉ង។ ប្រទេសចិនក៏បានព្រមានកាណាដាពីការជួបផលលំបាកដែរ ប្រសិនជាពលរដ្ឋខ្លួន មិនត្រូវបានដោះលែង។
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang បានបញ្ជាក់ពីបញ្ហាចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពលរដ្ឋកាណាដាទាំងពីរនាក់ ជាប់សង្ស័យពីបទពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពដែលគំរាមកំហែងដល់សន្តិសុខជាតិចិន។
អ្នកនាំពាក្យដដែលលើកឡើងទៀតថា សិទ្ធិ និងផលប្រយោជន៍របស់ជនជាតិកាណាដាទាំងពីរ ត្រូវបានការពារ៕ សុភ័ក្ត្រ
ប្រភព៖ BBC