ប្អូនស្រី៣នាក់ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ហេតុតែគ្រួសារមានជីវភាពខ្វះខាត ក៏បានសម្រេចចិត្តមករកការងារធ្វើ នៅឯភោជណីយដ្ឋានមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបានលុយផ្តល់ឲ្យឪពុកម្តាយនៅឯស្រុក ប៉ុន្តែ ទីបំផុត ត្រូវបានថៅកែចិត្តអាក្រក់ ធ្វើទង្វើមិនគួរគប្បីមួយដាក់ពួកនាង ដែលពុំអាចទទួលយកបានឡើយ បន្ទាប់ពីពួកនាងសុំឈប់ធ្វើ ព្រោះតស៊ូតទៅទៀតលែងបាន ដោយបារម្ភខ្លាចជ្រុលខ្លួនធ្លាក់កប់ក្នុងភក់ជ្រាំដែលសង្គមស្អប់ខ្ពើម ។
បើតាមសម្តីរៀបរាប់នៅក្នុងវីដេអូ ប្អូនស្រីម្នាក់ដែលជាបង បានអះអាងថា ដោយសារតែកន្លែងដែលពួកនាងកំពុងធ្វើការងារ ជាកន្លែងមិនល្អ ហើយលែងពេញចិត្តនឹងបន្តធ្វើតទៅទៀត ៣នាក់បងប្អូនរបស់នាងគិតថា សុំថៅកែលាឈប់វិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែ បែរជាត្រូវថៅកែនោះបដិសេធ និងដកហូតទូរស័ព្ទរបស់ពួកនាងដែលភ្ញៀវពេញចិត្តទិញឲ្យម្នាក់១គ្រឿងៗ និងសូម្បីគំរាមចាប់ដាក់គុកទៀតផង ។
ប្អូនស្រីក៏បានបញ្ជាក់ថា តាមពិតទៅ ពុំមានរឿងអ្វីនោះទេ តែដោយសារតែពួកនាងស៊ូទ្រាំលែងបាន ព្រោះជាការងារមិនល្អ ដោយថៅកែតម្រូវឲ្យអង្គុយជាមួយភ្ញៀវ ផឹកជាមួយភ្ញៀវ ហើយត្រូវគេឱបថើបតាមចិត្តទៀតផង ។ ប៉ុន្តែ ពុំនឹកស្មានថា ថៅកែដ៏អាក្រក់របស់ពួកនាង បែរជារេរាំងការសុំឈប់នេះ ដោយបានដកហូតទូរស័ព្ទ មិនបើកប្រាក់ខែឲ្យ និងថែមទាំងវាយធ្វើបាបប្អូនស្រីម្នាក់របស់នាងទៀតផង ។ ហេតុនេះ ពួកនាងមានតែម្រាមដៃដប់ លើកសំពះដល់បងប្អូនទាំងអស់ជួយរកយុត្តិធម៌ដល់ពួកនាងផង ។
យោងតាមផេកហ្វេសប៊ុកឈ្មោះ Good Dream បានបង្ហោះឲ្យដឹងថា ហាងនោះមានឈ្មោះថា ភោជនីយដ្ឋាន 168 មានទីតាំងស្ថិតនៅលើផ្លូវ 156 រាជធានីភ្នំពេញ ៕ ដោយ៖ ចន្ទី