ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹកកម្ពុជា បានលើកឡើងថា វត្តមាននៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀត ក្នុងកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពជាសកល ដើម្បីរួមគ្នាធ្វើយ៉ាងណា ឲ្យមានសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសកម្ពុជានៅតែជាប្រទេសប្រឈមនឹងសន្តិសុខទឹក ស្ទើររៀងរាល់ឆ្នាំ ពោលគឺ សម្បូរទឹកនៅរដូវវស្សា រហូតបង្កជាជំនន់ និងខ្វះខាតទឹកនៅរដូវប្រាំង ។
ក្រសួងធនធានទឹក នៅថ្ងៃចន្ទនេះបានផ្សាយថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី ៣ ស្តីពីបញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោមប្រធានបទ “សន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”
ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ ២០១៧ នាទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។
ថ្លែងក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លោក រដ្ឋមន្ត្រី បានលើកឡើងថា វត្តមាននៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់នៅក្នុងកិច្ចប្រជុំនាពេលនេះ ជាសក្ខីភាព ជាប្រវត្តិសាស្ត្រដ៏សំខាន់ថ្មីមួយទៀត ហើយក៏ជាការបើកនូវជំពូកថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពជាសកល ដើម្បីរួមគ្នាធ្វើយ៉ាងណា ឲ្យមានសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ។
លោកបានបន្តថា ការអភិវឌ្ឍប្រកបដោយចីរភាព គឺត្រូវតែជាការអភិវឌ្ឍដែលផ្តល់ប្រយោជន៍ដល់ផ្នែកសេដ្ឋកិច្ចផង សង្គមផង និងធានាបាននូវនិរន្តរភាពបរិស្ថានផង ។ តាំងពីអតីតកាល ក៏ដូចជាបច្ចុប្បន្នកាល និងទៅអនាគត ទឹក គឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងសង្គម ។ ទឹកជារបៀបវារៈអាទិភាពចម្បង ជាសកល ដែលតែងតែទទួលបាននូវការផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ។ ក្នុងន័យនេះ ទោះបីជាក្នុងលក្ខណៈដោយឡែក ឬជារួមក្តី ការធានាឲ្យមានសន្តិសុខទឹក ដើម្បីគាំទ្រ ដល់និរន្តរភាពនៃសេដ្ឋកិច្ច សង្គម និងបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ។
លោក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលសម្បូរដោយធនធានទឹក ទាំងទឹកលើដី និងទឹកក្រោមដី ។ ទឹកលើដី ដែលបានមកពីទន្លេមេគង្គ ព្រមទាំងបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអគ្នេយ៍ រួមជាមួយនឹងស្ទឹង អូរ ដែលជាដៃនៃបឹងនេះ មិនត្រឹមតែជាប្រភពទឹកដ៏សំខាន់ប៉ុណ្ណោះទេ តែវាបានក្លាយជាគោលដៅនៃការប្រើប្រាស់ប្រកបដោយសក្តានុពលច្រើនវិស័យ ដូចជា វិស័យកសិកម្ម ធនធានជលផល ជីវចម្រុះ នាវាចរណ៍ វារីអគ្គិសនី អេកូ-ទេសចរណ៍ ។ល។ ប៉ុន្តែទោះជាបែបនេះក្តី មិនមែនមានន័យថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានសន្តិសុខទឹករៀងរហូតមកនោះទេ ។ ផ្ទុយទៅវិញ សូម្បីតែជិត ២០ ឆ្នាំ កន្លងទៅនេះ កម្ពុជានៅតែជាប្រទេសប្រឈមនឹងសន្តិសុខទឹក ស្ទើររៀងរាល់ឆ្នាំ ពោលគឺ សម្បូរទឹកនៅរដូវវស្សា រហូតបង្កជាជំនន់ និងខ្វះខាតទឹកនៅរដូវប្រាំង ។ ប្រឈមនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់ នាដើមទសវត្សឆ្នាំ ១៩៩០ បានដាក់ចេញនូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍ គឺ ” ទឹក ផ្លូវ ភ្លើង មនុស្ស ” ហើយដើម្បីជម្រុញការអនុវត្តគោលនយោបាយជាអាទិភាពនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងធនធានទឹក និងឧតុនិយម ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ បន្ថែមពីលើនេះ និងក្នុងចក្ខុវិស័យយូរអង្វែងនៃសន្តិសុខទឹកសម្រាប់ការរីកលូតលាស់ ព្រមទាំងការអភិវឌ្ឍនៃសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវបានរដ្ឋសភាអនុម័ត និងប្រកាសដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៧ សំដៅធានាបានដល់ការគ្រប់គ្រងធនធានទឹកចម្រុះ សម្រាប់ជាប្រយោជន៍ដល់វិស័យផ្សេងៗ ព្រមជាមួយនឹងការគិតគូរអំពីតុល្យភាពនៃផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
មកដល់បច្ចុប្បន្ន បើទោះបីជាសន្តិសុខទឹក នៅព្រះរាជាណាចក្រកម្ពុជា មិនទាន់ធានាបានទាំងស្រុង ប៉ុន្តែការប្រឈមនឹងហានិភ័យដែលបណ្តាលមកពីទឹក ត្រូវបានកាត់បន្ថយ ។ ទន្ទឹមនឹងការប្រឈមនៅតែមាន ព្រមជាមួយនឹងបរិបទនៃការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកថា ទឹក គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួន ដែលត្រូវបន្តយកចិត្តទុកដាក់អភិវឌ្ឍបន្ថែមទៀត ។
ក្នុងបរិបទតំបន់ លោក រដ្ឋមន្ត្រី លើកឡើងថា ទន្លេមេគង្គ ត្រូវបានពិភពលោកទទួលស្គាល់ថា ជាទន្លេដែលជាប្រភពទឹកសំខាន់ សម្រាប់តភ្ជាប់រវាងប្រជាជន និងប្រជាជន រវាងប្រទេស និងប្រទេស ទាំងក្នុងអាង និងក្រៅអាងទន្លេមេគង្គ ។ ជាប្រភពស្បៀង និងការគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន និងសម្រាប់ពាណិជ្ជកម្ម នាវាចរណ៌ វារីអគ្គិសនី អេកូ-ទេសចរណ៍ ក៏ដូចជាវប្បធម៌ផ្សារភ្ជាប់នឹងទឹក ។ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃអាងទន្លេមេគង្គ ទាមទារត្រូវកាត់បន្ថយហានិភ័យ និងត្រូវក្តាប់កាលានុ
វត្តភាព ដែលទន្លេនេះ បានផ្តល់ដល់ប្រទេស និងប្រជាជនតាមដងទន្លេមេគង្គ ក្នុងលក្ខណៈមួយដែលត្រូវអភិរក្សមុខងារ និងសេវាកម្មនៃទន្លេ ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងពេញទំហឹងជាមួយអង្គការតំបន់មួយនេះ ស្របតាមស្មារតីមេគង្គ សំដៅធ្វើយ៉ាងណាឲ្យទន្លេមួយនេះនៅតែរក្សាបានតួនាទីជាប្រយោជន៍ ប្រកបដោយចីរភាពនៃមនុស្សជាតិ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត ។
លោក រដ្ឋមន្ត្រី បន្តទៀតថា ជាការពិតណាស់ថា ទឹក និងសន្តិសុខទឹក គឺត្រូវបានចាត់ទុកថាជាមូលដ្ឋានគន្លឹះសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម តាំងពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន និងតទៅអនាគត ។ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ និងប្រទេសផ្សេងទៀតក្នុងពិភពលោកដែរ បាន និងកំពុងប្រឈមនឹងតម្រូវការប្រើប្រាស់ទឹកកាន់តែខ្ពស់ ទន្ទឹមនឹងបរិបទ នៃការប្រែប្រួលអាកាសធាតុ ដែលកត្តាទាំងនេះ បានជះឥទ្ធិពល និងដាក់សំពាធមកលើសន្តិសុខទឹក និងសេដ្ឋកិច្ចជាតិ ។ មានតែការទាមទារឲ្យមានសុឆន្ទៈ ការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់ជានិរន្ត កិច្ចសហប្រតិបត្តិការតំបន់កាន់តែជិតស្និត និងខ្លាំងក្លាថែមទៀត ព្រមទាំងកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពជាសកលប្រកបដោយចីរភាពទេ ទើបអាចជំនះ និងដោះស្រាយបញ្ហាប្រឈមខាងលើនេះបាន ។ ក្នុងន័យនេះ ព្រះរាជាណាចក្រកម្ពុជា នឹងនៅតែបន្តចូលរួមឲ្យកាន់តែសកម្មថែមទៀត ក្នុងក្របខ័ណ្ឌសកល និងតំបន់ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកធ្វើឲ្យការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក ប្រកបប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព សម្រាប់ភាពចម្រុងចម្រើននៃសេដ្ឋកិច្ច សង្គម ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ យើងមានសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំកំពូលនាពេលនេះ នឹងដាក់ចេញនូវការតម្រង់ទិស និងទិសដៅជាយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីបង្កើតឲ្យមានកម្លាំងជម្រុញថ្មី សំដៅពង្រឹងការងារ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសំដៅបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឲ្យកាន់តែជិតស្និតទ្វេរឡើង ឆ្ពោះទៅសម្រេចឲ្យបាននូវសន្តិសុខទឹក សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឈានទៅអនាគតរួមគ្នា ប្រកបដោយភាពចម្រុងចម្រើន ៕ ដោយ៖បញ្ញាស័ក្តិ