ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៨ កងទ័ពជើងគោក បានសហការ និងម្ចាស់ការល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ សរុបបានចំនួន ៥.១៩៣លើក។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការថា៖ “របាយការណ៍ កិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្ត ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ បានបង្ហាញថា ឆ្នាំ២០១៨ កន្លងទៅនេះ កងទ័ពជើងគោក បានសហការ និងម្ចាស់ការល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ សរុបបានចំនួន ៥.១៩៣លើក (ព្រំដែនកម្ពុជា-ថៃ២.៤៩៧លើក កម្ពុជា-វៀតណាម១.២៥០លើក កម្ពុជា-ឡាវ១.៤៤៦លើក)”។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា សម្រាប់ឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ប្រមូលផ្តុំ អនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងទី៤ របស់រាជរដ្ឋាភិបាល កម្មវិធីផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើនការអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រ ទទួលខុសត្រូវ និងចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតមាន ដោយសន្តិវិធី ប្រែក្លាយតំបន់ព្រំដែន ដែលប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញរួមចូលរួមដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងបណ្តាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងការពារជាតិជាច្រើនទៀត៕ ដោយ ៖ កូឡាប