ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០១៨-២០១៩ មានភ្ញៀវទេសចរជាតិ-អន្តរជាតិបានចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេស ចំនួន ៣.១៤៤.៤៣៤នាក់ មានការកើនឡើង ២៥,៧៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថិតិភ្ញៀវទេសចរដែលបានដើរកម្សាន្ត នាឱកាសឆ្លងឆ្នាំសាកល ២០១៨ ឆ្លងចូល ២០១៩ មានចំនួន ៣.១៤៤.៤៣៤នាក់ កើនឡើង ២៥,៧៨ភាគរយ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៣.០៤៥.៣១៦នាក់ កើនឡើង ២៥,៣២ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ៩៩.១១៨នាក់ កើនឡើង ៤១,៦០ភាគរយ។
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយឆ្លងឆ្នាំ នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២,២លាននាក់ ក្នុងនោះពួកគេបានទៅទស្សនាកម្សាន្តនៅ វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ មានចំនួនប្រមាណជិត ២លាននាក់៕ ដោយ ៖ បញ្ញាស័ក្តិ