ភ្នំពេញ ៖ ពាក់ព័ន្ធរឿងដែលកំពុងល្បីពេញបណ្តាលសង្គម និងសារព័ត៌មាន ករណីនារីម្នាក់ បានស្គាល់គ្នាតាមហ្វេសប៊ុកមួយខែ ខាងប្រុសណាត់ខាងស្រីជួបគ្នា នៅផ្ទះសំណាក់ ហើយប្លន់យកលុយនិងគ្រឿងអលង្ការបានសម្រេចនោះ ត្រូវបានលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី បានស្នើដល់លោកជំទាវខាងក្រសួងកិច្ចការនារី ចេញមកជួយនារីនេះផង ព្រោះមានមានប្រុសៗ ធ្វើបាបនា ដូចនាងទេព បូព្រឹក្យដែរ។
តាមរយៈផេកហ្វេសប៊ុករបស់លោកស្រី ហ៊ុន ស៊ីណាម ដែលមានឈ្មោះ Sinath Hun បានបញ្ជាក់ថា “នេះហើយស្នេហាគ្នាតាម Facebook រំលងប្រពៃណី ណាត់ជួបគ្នានៅផ្ទះសំណាក់ ក្បត់ និងម្ដាយ ឪពុក ដែលគាត់ខំពពោះ ៩ ខែ ១០ ថ្ងៃនេះ ។ ម្យ៉ាងទៀត ដូចបាត់លោកជំទាវ ខាងក្រសួងកិច្ចការនារី ទៅណាហើយ ម៉េចមិនចេញមកជួយនារីនេះផង មានប្រុសៗ ធ្វើបាបគាត់ ដូចនាងទេព បូព្រឹក្យដែរ។ តែមិនមែនជះស្រាទេ គឺធ្ងន់ធ្ងរណាស់ យកអស់ពីខ្លួន អញ្ជើញលោកជំទាវ ជួយមើលគាត់ផង ឲ្យស្មើភាពគ្នា ក្នុងរឿងស្ត្រី ដូចគ្នាណា កុំជួយបានតែតារា សូមលោកជំទាវ ឈឺឆ្អាលក្នុងរឿងរបស់ស្ត្រី ក្នុងសង្គម ដើម្បីស្មើភាព និងយុត្តិធម៌ផង “។
ជាមួយនឹងសំណេរបស់លោកស្រី ហ៊ុន ស៊ីណាត ក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ លំអង ផ្កាស្មៅ បានសរសេរខំមិនទៅលោកស្រីវិញថា “មើលអ្នកមីងមានប្រសាសន៍ សម័យនេះ អ្នកល្បីគេទ្រាំទ្រខ្លាំងណាស់”។ មិនបង្អង់យូរ លោកស្រីហ៊ុន ស៊ីណាត បានឆ្លើយតបទៅគណនី លំអង ផ្កាស្មៅ វិញថា “ក្មួយស្រីអើយ ក្នុងនាមលោកជំទាវ គាត់ជាអ្នកធំ ក្នុងក្រសួងកិច្ចការនារី ត្រូវលើកស្ទួយស្ត្រីទាំងអស់ អត់ល្បី ក៏ត្រូវជួយ ល្បីក៏ជួយ បានហៅថាមេគេ មិនមែនជួយមួយអត់មួយទេ”។ ទោះយ៉ាងណា ក៏មានគណនី ឈ្មោះ Jenny Ana បានបញ្ចេញមតិផងដែរថា “លោកជំទាវក្រសួងកិច្ចការនារី សូមមេត្តា ជួយនាងផង នាងជាក៏ជាស្ត្រីដែរ”។ ហើយគណនីមួយទៀតឈ្មោះ តាន់ វឌ្ឍនា បានលើកឡើងថា ” ក្រសួងកិច្ចការនារីស្គាល់ តែតារាទេ តាមមើលទៅ”។
លោកស្រីហ៊ុន ស៊ីណាត សូមជម្រាបទៅម្ចាស់ Page Long Sokiry “ពិតហើយលោកថា រឿងខុសគ្នា តែក្នុងនេះខ្ញុំសួររកលោកជំទាវ ពីព្រោះខ្ញុំយល់ថាលោកជំទាវត្រូវ រកយុត្តិធម៌អោយស្ត្រីទាំងអស់ កុំរំលង ក្នុងពីព្រោះស្ត្រី ក្នុងកម្ពុជាពេលខ្លះប្ដីវៃប្រពន្ធ បែកក្បាលក៏មិន សូវឃើញលោកជំទាវក្រសួងកិច្ចការនារី មកមើលដែរ ដល់ពេលតារាវិញ លោកជំទាវដុតដៃដុតជើង អញ្ចឹងខ្ញុំរកគាត់ឲ្យមកឈឺឆ្អាល ក្នុងរឿងរបស់ស្ត្រីក្នុងសង្គម វាខុសដែរឬទេលោក?”
សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បានយកកូនកាំបិតស្នៀត ភ្ជង់ប្លន់នារីម្នាក់បានសម្រេច យកទ្រព្យសម្បត្តិមានតម្លៃប្រមាណ៣.០០០ដុល្លារ តាមបណ្តោយផ្លូវបេតុង ក្នុងផ្ទះសំណាក់បៃតង ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ហួន សុភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់អីវ៉ាន់ online ស្នាក់នៅ ផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ។ សំភារដែលត្រូវបាត់បង់រួមមាន ៖ ទូរស័ព្ទ I phone EX ១គ្រឿង ខ្សែកចំនួន១ខ្សែ ខ្សែដៃចំនួន១ខ្សែ ចិញ្ចៀនពេជ្រ១វង់ លុយដុល្លារចំនួន២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។
បើតាមសម្តីរបស់នារីរងគ្រោះប្រាប់ថា គាត់បានស្គាល់ជនសង្ស័យតាមហ្វេសប៊ុក អស់រយៈពេលជិត១ខែមកហើយ ហើយបានឆាតមកជនរងគ្រោះ សូមដើរលេងជាញឹកញាប់ តែជនរងគ្រោះមិនព្រមទៅ។ ដោយឡែកមុនពេលកើតហេតុ ជនសង្ស័យបានណាត់ជនរងគ្រោះ ឲ្យមកជួបគ្នាចំណុចខាងលើ ដោយបានប្រាប់ជនរងគ្រោះថា មកជួបបង បងឲ្យលុយចំនួន១០០ដុល្លារ ហើយបានប្រាប់ទៀតថា មកដេកជាមួយបង បងមិនធ្វើអីៗនោះទេ សូមតែអូនមកជួបបងមួយភ្លេតមក។
ជនរងគ្រោះឮដូច្នោះ បានមកជួបតាមការណាត់ ដោយបានឲ្យមិត្តភក្តិជិះម៉ូតូឌុប មកភ្លាម។ ពេលមកដល់បន្ទប់ផ្ទះសំណាក់នេះ ជនរងគ្រោះ បានដើរចូលទៅបន្ទប់ ដែលបានណាត់ជួប ហើយពេលដែលរុញទ្វារចូលទៅ ស្រាប់តែជនសង្ស័យបានចាប់ច្របាច់ក ជនរងគ្រោះ ហើយយកកូនកាំបិតស្នៀតភ្ជង់ ទៅលើជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ។ ខណៈនោះជនរងគ្រោះភ័យពេក មិនហ៊ានស្រែក ក៏បណ្ដោយឲ្យជនសង្ស័យ ចេញមកក្រៅរួចឡើងជិះម៉ូតូកង់បីគេចខ្លួន ទៅបាត់តែម្ដង។ ជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុត្ថខណ្ឌសែនសុខ នាំខ្លួននិងដាក់ពាក្យបណ្ដឹង និងសួរនាំបន្ត ដើម្បីឈានទៅកំណត់មុខសញ្ញា ជនសង្ស័យ និងចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ ៖ រចនា