ខេត្តស្វាយរៀង ៖ ក្រោយពីរដ្ឋបាលក្រុងស្វាយរៀងបានចេញសេចក្ដីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ ធ្នាប់តាមដងផ្លូវនានា ពិសេសចំណតរថយន្ត និង ជុំវិញផ្សារវាលយន្តកាលីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨នេះអោយបងប្អូនប្រជាពលរដ្ឋ និងអាជីវកទាំងអស់ ចូលរួមអនុវត្តតាមការណែនាំនេះដូចជា ត្រូវធ្វើការរុះ រើចេញ និងបញ្ឈប់ការដាក់តាំងលក់នូវមុខទំនិញគ្រប់ប្រភេទ ដែលរំលោភមក លើចំណីផ្លូវសារធារណៈនាំអោយបាត់សោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ និងត្រូវធ្វើអោយហើយរួចរាល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នោះ ។
ដោយឡែកនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ លោក ស សុដានី អភិបាលរងក្រុងស្វាយរៀងបានដឹកនាំកំលាំងជំនាញរួមទាំងប្រជាការពារផងនោះបានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ដោយផ្ទាល់នៅតាមដងផ្លូវនានាជុំវិញបរិវេណផ្សារវាលយន្តក្រុងស្វាយរៀងខេត្តស្វាយរៀងដោយបានចុះរៀបចំសណ្ដាប់ធ្នាប់តាមសេចក្ដីណែនាំរបស់រដ្ឋបាលក្រុងស្វាយរៀង និងបានអនុវត្តតាមគំនួសដែលក្រុមការងាររដ្ឋបាលសាលាក្រុងដែលបានគូសឱ្យនាពេលកន្លងមក ហើយក៏មាននៅបងប្អូន អាជីវករមួយចំនួនតូចដែលមិនទាន់បានចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលក្រុង ។
រដ្ឋបាលក្រុងស្វាយរៀង ក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់សូមចូលរួមអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលសាលាក្រុង ដើម្បីអោយមានរបៀបរៀបរយ និងសោភ័ណ្ឌភាពផ្សារ និងក្រុងស្វាយរៀងរបស់យើងទាំងអស់គ្នា ។
ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ និងអាជីវកមិនចូលរួមអនុវត្តតាម ខ្លឹមសារណែនាំនេះ សមត្ថកិច្ច ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងចាត់វិធានការរុះរើយកសម្ភារៈ និងទំនិញផ្សេងៗចេញពីទីតាំងដែលបានកំណត់ និងមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់អ្វីឡើយ៕ ដោយ ៖ វ៉ៃគោ