ខេត្តស្វាយរៀង ៖ ដើម្បីសុខាមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងប្រចាំផ្សារជីភូសហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្តបានបន្តចុះត្រួតពិនិត្យបន្លែផ្លែឈើនិងគ្រឿងឧបភោគបរិភោគគ្រឿងសមុទ្រដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ដាក់លើបន្លែផ្លែឈើនិងម្ហូបអាហាធ្វើតេស្តចំនួន១៧គំរូតែពុំមានសារធាតុគីមីអ្វីនោះទេ ខណៈក្រុមអាជីវករលក់ដូរមួយចំនួនមានការយល់ដឹងខ្ពស់។
ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០១៩ស្ថិតក្នុងផ្សារជីភូសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង។
មន្ត្រីសាខាកាំកុងត្រូលខេត្តប្រចាំផ្សារជីភូបានឱ្យដឹងថា ដោយមានការណែនាំពីលោក ផឹង នឹល ប្រធានសាខាកាំកុងត្រូលខេត្តក៏ដូចជាលោក ម៉ក់ ពេជ្ជ រិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល តម្រូវឱ្យមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យមុខទំនិញជាប្រចាំយ៉ាងហោចណាស់ ១ខែបាន២ដង ឬ ៣ដងដែរ ដើម្បីរកសារធាតុគីមី និងទំនិញហួសសុពលភាព។
ជាលទ្ធផលការចុះត្រួតពិនឹត្យនាថ្ងៃនេះគឺទៅលើគ្រឿងឧបភោគបរិភោគបន្លែត្រីសាច់ប្រមាណ១៧គំរូគឺពុំមានសារធាតុគីមីណាមួយនោះទេ ចំណែកឯគ្រឿងកំប៉ុងជាភេសជ្ជៈវិញ មន្ត្រីយើងក៏មិនបានរកឃើញថាហួសការបរិច្ឆេទអ្វីនោះដែរប៉ុន្តែបានធ្វើការណែនាំដល់អាជីវករលក់ដូរបើមានរបស់របរដូចជាគ្រឿងកំប៉ុងទឹកផ្លែឈើទឹកដោះគោនិងជាច្រើនទៀតដែលធ្លាក់ឬកំប៉ិតគឺមិនត្រូវលក់ដល់ភ្ញៀវនោះទេព្រោះអាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។
មន្ត្រីដដែលក៏ បានសង្កត់ធ្ងន់ថា បើបងប្អូនប្រជាពលរដ្ឋណាមានការសង្ស័យថា ម្ហូបអាហារដែលដាក់តាំងលក់តាមបណ្ដាតូបមួយចំនួនក្នុងខេត្តមានផ្ទុកសារធាតុគីមីត្រូវរាយការណ៍មកមន្ត្រីកាំកុងត្រូលភ្លាម ហើយឱ្យមន្ត្រីប្រចាំការនៅទីនោះនិងចុះពិនិត្យភ្លាមៗ គឺធ្វើយ៉ាងណា ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលបានទិញយកទៅបរិភោគប្រចាំថ្ងៃផងដែរ ៕ ដោយ ៖ វ៉ៃគោ