ភ្នំពេញ ៖ បើតាមផេកហ្វេសប៊ុករបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៤ខែមករានេះ បានដឹងថា យោងតាមលេខលិខិត ៨២៧ សជណ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨របស់ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូនរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញាវត្ថុ និងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីករណីសុំដីចំនួន២០ហិតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់ផ្សារបន្លែ ផ្លែឈើ និងជាចំណតរថយន្តនៅរាជធានីភ្នំពេញ។
យោងតាមកម្មវត្ថុ និងយោងសេចក្តី ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបថា រាជរដ្ឋាភុបាល បានយល់ព្រមជាគោលការណ៍យកដីចំនួន២០ហិតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់ផ្សារបន្លែ ផ្លែឈើ និងជាចំណតរថយន្តនៅរាជធានីភ្នំពេញ និងអនុញ្ញាតឲ្យរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មី នៅបឹងតាមោកវិញ។
លោកនួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៤ខែមករាឆ្នាំ២០១៩ថា ថ្ងៃនេះដោយមានការណែនាំពីគណៈអភិបាលនៃអភិបាលរាជធានីភ្នំពេញ យើងខ្ញុំសូមបញ្ជាក់លើបញ្ហាមួយ ដែលទាក់ទងទៅនឹងសេចក្តីដំណឹង សជណ លេខ៨២៧ ចុះថ្ងៃទី២ខែសីហាឆ្នាំ២០១៨ ទាក់ទងទៅនឹងការកសាងផ្សាយមួយទំហំ២០ហិកតា ដើម្បីធ្វើជាផ្សារគ្រប់គ្រងបន្លែ និងជាចំណតរថយន្តនៅក្នុងរាជធានីភ្នំពេញ។
អ្វីដែលទាក់ទងទៅនឹងបញ្ហានេះ គឺមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏ដូចជាបងប្អូនអាជីវករនៅក្នុងផ្សារដើមគរ ដែលពួកគាត់មានការព្រួយបារម្ភ និងភាន់ច្រឡំថានឹងមានការរើផ្សារដើមគរឬវិនិយោគផ្សារដើមគរនេះ ដោយទៅដាក់នៅទីតាំង ឬផ្សារថ្មីនៅបឹងតាមោក នេះ ។ ទាក់ទងទៅនឹងចំណុចនេះ រដ្ឋបាលរាជធានីភ្នំពេញសូមបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាអាជីវករនៅផ្សារដើមគរឲ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើការវិនិយោគ ឬក៏ធ្វើការរុះរើផ្សារដើមគរដូចមតិដែលមានការភាន់ច្រឡំនោះទេ។ ពីព្រោះថាអ្វីដែលយើងកំពុងតែធ្វើ ឬអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីនឹងរៀបចំនោះគឺទាក់ទងទៅនឹងការសាងសង់នូវផ្សារមួយ នៅបឹងតាមោកនេះ គឺជាផ្សារលក់បោះដុំបន្លែនិងផ្លែឈើ និងជាចំណតរថយន្ត។ មូលហេតុអ្វីបានជាយើងរៀងចំការងារនេះ ដោយសារតែមានតម្រូវការចាំបាច់មួយចំនួន ។ តម្រូវការចាំបាច់ទី១ ដែលសំខាន់បំផុតគឺនៅក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ យើងត្រូវមានទីតាំងមួយសមស្រប សម្រាប់ការលក់បោះដុំបន្លែនិងផ្លែឈើគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជារៀបចំណតរថយន្តផងដែរ។
លោកបានបន្តថា ទាក់ទងទៅនឹងបញ្ហានេះ សូមជម្រាបជូនផងដែរថា កន្លងមកនេះ ដោយសារតែយើងមិនទាន់មានទីតាំងធ្វើអាជីវិកម្មបោះដុំបន្លែនិងផ្លែឈើនេះ គឺបងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើការលក់បោះដុំបន្លែផ្លែឈើទៅតាមដងផ្លូវ ប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវរបស់សាធារណៈ ដែលបង្កឲ្យមានការកកស្ទះ ចរាចរណ៍ និងបរិស្ថាន អនាម័យ និងបញ្ហាផ្សេងៗទៀតមួយចំនួនផងដែរ។
អីចឹងហើយគោលបំណង ការបង្កើតឲ្យមានទីតាំងមួយដែលមានការប្រមូលផ្តុំនៃការបោះដុំនូវបន្លែផ្លែឈើ ដើម្បីរៀបចំនៅតាមដងផ្លូវ របស់យើងឲ្យបានមានសណ្តាប់ធ្នាប់ល្អ ដើម្បីសម្រួលចរាចរណ៍ ធានាបាននូវបរិស្ថានមួយស្អាតនិងសមរម្យផងដែរ។ ដោយសារតែបច្ចុប្បន្ននេះ ការគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ដែលបរិមាណសំរាមមានការកើនឡើងជារៀងរាល់ថ្ងៃ ដែលជិត៣ពាន់តោនក្នុងមួយថ្ងៃ។ ដូច្នេះយើងត្រូវមានការគ្រប់គ្រងសំរាមនេះ ឲ្យមានប្រសិទ្ធភាពជាងមុន ដើម្បីបរិស្ថាននិងអនាម័យស្អាត ក៏ដូចជាដើម្បីសម្រួលចរាចរណ៍នៅតាមដងផ្លូវ។ ដងផ្លូវដែលខ្ញុំសំដៅនោះ គឺដងផ្លូវមុនីរ៉េតនេះឯង ពីព្រោះថាបងប្អូនធ្វើដំណើរតាមដងផ្លូវព្រះមុនីរ៉េត ដែលក្រុមការងារយើងបានចុះទៅធ្វើការងារនេះ គឺគាត់ប្រើប្រាស់ទ្រូវផ្លូវស្ទើរតែទាំងអស់ជិតតែម្តង ដែលធ្វើឲ្យបងប្អូនធ្វើដំណើរតាមដងផ្លូវនេះ គឺមានសល់តែផ្លូវតូចមួយប៉ុណ្ណោះដែលធ្វើចរាចរណ៍ ធ្វើឲ្យបងប្អូនមួយចំនួនមិនមានការសប្បាយចិត្តលើបញ្ហានេះ ដូច្នេះហើយដើម្បីរៀបចំសណ្តាប់ធ្នាប់នេះ យើងអនុវត្តន៍នូវគោលការណ៍មួយ គឺពន្លត់ភ្លើងជាជាងបក់ផ្សេង។ ពីព្រោះថាបើយើងមិនរកដំណោះស្រាយនោះទេ គឺយើងត្រូវរៀបចំសណ្តាប់ធ្នាប់បានតែក្នុងរយៈពេលខ្លី យើងពួកគាត់វិលមកលក់ដូរនៅកន្លែងចាស់វិញ ។ ហេតុនេះគោលបំណងទី១នេះ គឺដើម្បីឲ្យមានទីតាំងមួយ និងការប្រកបរបរអាជីវកម្ម នាំបន្លែនិងផ្លែឈើដើម្បីផ្គត់ផ្គង់បងប្អូនដែលរស់នៅទីក្រុងភ្នំពេញ ដែលមានប្រជាពលរដ្ឋជាង២លាននាក់នេះផង និងក៏ដូចជាថែរក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍និងបរិស្ថាន អនាម័យនៅតាមដងវិថីធំៗរបស់រាជធានីភ្នំពេញផងដែរ។
មួយវិញទៀត ទីតាំងថ្មីនេះ ក៏បម្រើឲ្យការធ្វើចំណតរថយន្ត។ ដូចបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថា ទីតាំងមួយចំនួន ជាពិសេសដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវសាធារណៈមួយចំនួន ត្រូវបានប្រើប្រាស់ជាចំណតរថយន្តតាក់ស៊ីតាមបណ្តាខេត្តផ្សេងៗ ក៏ត្រូវមានការចាប់ផ្តើមគិតគូរ ថាយើងត្រូវតែមានទីតាំងចំណតសមស្របដើម្បីឲ្យរថយន្តទាំងអស់នោះមានចំណតសមស្រប ហើយចំណតនោះមានការផ្សារភ្ជាប់គ្នាជាមួយនឹងរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរត់នៅក្នុងទីក្រុងងាយស្រួលដល់ប្អូនប្រជាពលរដ្ឋ។ នេះជាចំណុចសំខាន់ៗដែលរៀបចំផ្ទៃដីនៅបឹងតាមោកធ្វើជាផ្សារធ្វើការបោះដុំ និងធ្វើជាចំណតរថយន្តមួយចំនួនទៅតាមបណ្តាខេត្តមួយចំនួន។ ដូច្នេះសូមប្អូនប្រជាពលរដ្ឋកុំមានការភាន់ច្រឡំ ជាពិសេសបងប្អូនអាជីវករនៅក្នុងផ្សារដើមគរ ដែលយើងទទួលបានព័ត៌មានដែលថាមានការវិនិយោគផ្សារដើមគរ មានការរុះរើផ្សារ ។សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានគោលបំណងនិងចំណាត់ការណាមួយ ក្នុងការរុះរើផ្សារនិងវិនិយោគផ្សារដើមគរនោះទេ ។ ប៉ុន្តែបើមាន យើងដាច់ខាតត្រូវតែមានការពិគ្រោះយោបល់ជាមួយអាជីវករទាំងអស់គ្នា មិនអាចថាធ្វើឲ្យមានការថ្នាំងថ្នាក់ពីចំណាត់ការណាមួយរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ។ សូមយកឱកាសនេះដែរ សូមអំពាវនាវដល់បងប្អូន សូមជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ តាំងពីដើមមក ជាពិសេសក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យើងបានខិតខំប្រឹងប្រែង លើកកម្ពស់និងដោះស្រាយបញ្ហាប្រឈមនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះសូមបងប្អូនអាជីវករក្នុងផ្សារដើមគរ បន្តរករបរទទួលទានជាធម្មតា ហើយជឿជាក់មកលើការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ដល់បងប្អូនអាជីវករក្នុងផ្សារទាំងអស់់។
ប៉ុន្តែទោះយ៉ាងណា មិនការបញ្ជាក់ថាផ្សារថ្មីនៅបឹងតាមោក ត្រូវចាប់សាងសង់ នៅពេលណា ហើយត្រូវចំណាយថវិកា ប៉ុន្មាននោះទេ៕ ដោយ ៖ កូឡាប