ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាលើកចុងក្រោយដើម្បីពិនិត្យលទ្ធផលរបស់ផ្នែកនិមួយៗ និងការទទួលខុសត្រូវរៀងៗខ្លួនលើការងារត្រៀមរៀបចំទិវាបុណ្យ៧មករាខួបលើកទី៤០(៧មករា ១៩៧៩.៧មករា ២០១៩)ដែលជាថ្ងៃកំណើតទី២សំរាប់យើងទាំងអស់គ្នាដែលបានចាកផុតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ទិវាបុណ្យ៧មករា ឆ្នាំនេះជាខួប៤០ឆ្នាំគឺមានការរៀបចំអធឹកអធមដោយមានការ ដង្ហែរក្បួនព្យុះហយាត្រាសម្រាប់២៥រាជធានី.ខេត្ត។ដូច្នេះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈគឺជាការងារចាំបាច់ រួមទាំងការរៀបច្រៀំបចំឲ្យបានល្អប្រសើរស័ក្តិសមទៅនឹងកិត្តិយសនៃថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។
លោកអភិបាលក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួនដែលបង្ហាញពីសមត្ថភាពនៃការដឹកនាំរបស់ស្ថាប័ននិមួយៗហើយយើងទាំងអស់គ្នាក៏ធ្លាប់មានពិសោធន៍ប្រកបដោយជោគ ជ័យក្នុងការចូលរួមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីធំៗរួចមកហើយ។
លោកឃួង ស្រេង បានគួសបញ្ជាក់ថា៖រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការហាត់សមកំលាំងច្រើនលើកច្រើនសារជាមួយបណ្តាខេត្ត.ក្រុងផ្សេងៗទៀតមុនពិធីផ្លូវការចាប់ផ្តើម។នៅថ្ងៃទី៥មករាស្អែកនេះ នឹងមានការហាត់សមកំលាំងចូលរួមជាលើកចុងក្រោយឲ្យដូចពិធីផ្លូវការពិតៗនៅពហុកីឡាដ្ឋាន ជាតិអូឡាំពិកដែលមានប្រជាពលរដ្ឋចូលរូមប្រមាណ៤ម៉ឺននាក់។
ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរនៅ បរិវេណពហុកីឡាដ្ឋានជាតិឡាំពិក និងសុំឲ្យមានការផ្អាករាល់ការដ្ឋានសំណង់នានានៅជុំវិញពហុកីឡដ្ឋានជាតិ និងមិនត្រូវឲ្យមានការហាលខោអាវរញ៉េរញ៉ៃ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់នៅក្បែរទីតាំងប្រារព្ធពិធីផងដែរ៕ ដោយ ៖ កូឡាប