ខេត្តស្វាយរៀង ៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងនៅថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ ក្រោយការជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង បានដាក់ចេញនៅទិសដៅអនុវត្តឱ្យក្រុមការងាររដ្ឋបាលក្រុងបន្តចុះផ្សព្វផ្សាយណែនាំ និងរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សាវាលយន្ត និងចំណតរថយន្តក្រុងស្វាយរៀង ដឹកនាំដោយ អភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលសាលាក្រុង និងមានការចូលរួមពីអធិការស្ដីទីនគរបាលក្រុង មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងប្រជាការពារសង្កាត់ស្វាយរៀង ជាច្រើនរូបទៀត។
បើតាមការឱ្យដឹងពីលោកអភិបាលក្រុងបានបញ្ជាក់ថា ជាការពិតណាស់បៀបរៀបរយសាធារណៈ គឺជាចម្លើយឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ទីក្រុងឱ្យមានភាពស៊ីវីល័យ រីកចម្រើន មានសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅ ទឹកដីនៃខេត្តស្វាយរៀងរបស់យើង ដូច្នេះរដ្ឋបាលក្រុងទាមទាអោយមានការចូល រួមសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអាជីកលក់ដូរទាំងអស់ ជាមួយអាជ្ញាធរក្នុងររៀបចំ សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ តាមដងផ្លូវ និងនៅតាមផ្សារនានាក្នុងក្រុង និងសង្កាត់ ដើម្បីកាត់បន្ថយនូវការរាំងស្ទះចរាចរណ៍ជាពិសេសពេលមានពិធីបុណ្យទានជាដើម។
លោកអភិបាលក្រុងបានបន្ថែមថា ក្រោមការណែនាំមាននឹងចង្អុរបង្ហាញពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំប្រចាំខែស្តីពីការរបៀបចំសណ្តាប់សាធារណៈ នៅតាមបណ្តាក្រុង ស្រុកនានា ពិសេសក្នុងក្រុងស្វាយរៀង រដ្ឋបាលក្រុង គឺនៅតែបន្តធ្វើដូចភ្លៀងរលឹម ព្រោះថាក្រុងស្វាយរៀងជាបេះដូងរបស់ខេត្តស្វាយរៀង ក្រុងមានសោភ័ណ្ឌភាព អនាម័យល្អ និងអភិវឌ្ឍន៍ជាចំណែកចូលរួមយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍខេត្តស្វាយរៀង៕ ដោយ ៖ វ៉ៃគោ