ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់ព័ត៌មានករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ ការបង្កើតក្រុមការងារតាមដានតាមបណ្ដាញសង្គមហ្វេសប៊ុក នេះ ក្នុងការទទួលព័ត៌មានអំពីករណីអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ដើម្បីពង្រីកលទ្ធភាពរបស់ក្រសួង ក្នុងការជួយសម្របសម្រួល និងជំរុញកិច្ចអន្ដរាគមន៍ ក៏ដូចជាផ្ដល់សេវាជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា។
ការបង្កើតនេះ ស្របពេលដែលមានថ្នាក់ដឹកនាំរដ្ឋាភិបាល បានចេញមុខដោយផ្ទាល់បានស្នើសុំដល់ដល់ក្រសួងកិច្ចការនារី ជួយពិនិត្យនិងចុះស្រាវជ្រាវ ចំពោះករណីហិង្សាកើតឡើងនារីរងគ្រោះដោយសារប្រុសៗខិលខូចជាច្រើននាក់ ក្នុងពេលថ្មីៗ ដូចជា អ្នកចម្រៀងម្នាក់ ត្រូវគេជះស្រាដាក់ នារីម្នាក់ត្រូវដែលស្គាល់តាមរយៈហ្វេសប៊ុក ហើយនាំគ្នាឡើងផ្ទះសំណាក់ត្រូវជនល្មើសភ្ជង់ប្លន់យកទ្រព្យសម្បត្តិអស់ជាង៣០០០ដុល្លារ និងមាននារីកម្មកររោងចក្រពីរនាក់ ត្រូវជនល្មើសម្នាក់ គំរាមកំហែងបញ្ចេញរូបភាពអាក្រាតលើហ្វេសប៊ុក ជាថ្នូរនឹងប្រាក់ជាង៣០០០ដុល្លារ បន្ទាប់ពីឆាតស្គាល់គ្នាត្រូវជនរូបនោះ លួងលោមឲ្យថតស្រាតតារយៈហ្វេសប៊ុក ហើយពេលជនរូបតាមរូបថតហើយ ក៏យករូបថតមកគំរាមទារប្រាក់ និងករណីដែលថៅកែហាងកែសម្ផស្សឌែម៉ូគ្លីនិក គំរាមអតិថិជនយកប្រាក់ ជាថ្នូរនឹងការបញ្ចេញរូបភាពវះកាត់ប្រដាប់ភេទឲ្យដូចហ្ស៊ីនវិញ លើបណ្តាញសង្គមហ្វេសប៊ុក ។
សេចក្ដីជូនដំណឹងរបស់ក្រសួងកិច្ចការនារីដែលចេញនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ដើម្បីឲ្យក្រុមការងារតាមដានតាមបណ្ដាញសង្គមហ្វេសប៊ុក កាន់តែមានលទ្ធភាពទទួលបានព័ត៌មានខាងលើនេះ ក្រុមការងារសំណូមពរដល់ជនរងគ្រោះ និងសាធារណជនសូមចូលរួមផ្ដល់ព័ត៌មានដោយផ្ទាល់ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួង ឬដល់អាជ្ញាធរមូលដ្ឋាន ឬដល់មន្ទីរកិច្ចការនារីរាជធានី-ខេត្ត។ បន្ទាប់ពីទទួលព័ត៌មានទាន់ពេលវេលា និងច្បាស់លាស់ ក្រសួងកិច្ចការនារី នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្ដកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័ន មានសមត្ថកិច្ច ក្នុងការឆ្លើយតបនឹងបញ្ហានេះ។
ក្រសួងកិច្ចការនារី បានបញ្ជាក់ថា ករណីអំពើហិង្សា ទាក់ទងនឹងយេនឌ័រ សំដៅលើករណីអំពើហិង្សានៅក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ ការបៀតបៀនផ្លូវភេទ និងអំពើជួញដូរស្ត្រី និងក្មេងស្រី ជាដើម។
ខាងក្រោមនេះជាលេខទូរស័ព្ទប្រធាន អនុប្រធានមន្ទីរ ភ្នាក់ងារនគរបាលយុត្ដិធម៌ នៅក្រសួងកិច្ចការនារី សម្រាប់ប្រជាពលរដ្ឋរាយការណ៍ពេលមានបញ្ហាកើតឡើង៕ ដោយ ៖ រចនា