កោះរ៉ុង ៖ បើតាមការផ្សាយរបស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០១៩នេះ បានរាយការណ៍ពីសភាពការណ៍លើផ្ទៃសមុទ្រ តំបន់កោះរ៉ុង ដោយសារឥទ្ធិពលខ្យល់ព្យុះ លាយឡំនិងរលកខ្លាំង បានបណ្តាលឲ្យទូកកន្ទុយវែងចំនួន ៦គ្រឿង ត្រូវបានលិចទាំងស្រុង ។
ទីបញ្ជាការជួរមុខ បានស្នើសូមបងប្អូនប្រជានេសាទ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មេត្តាប្រុងប្រយ័ត្នខ្ពស់។ របាយការណ៍ដដែលបានបន្តថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២:០០នាទី មានខ្យល់ លាយឡំនិងរលកខ្លាំង បានបណ្តាលឲ្យទូកកន្ទុយវែងចំនួន ៦គ្រឿង ត្រូវបានលិចទាំងស្រុង ដោយ ១. ម្ចាស់ទូក ឈ្មោះ ម៉ន វឌ្ឍនា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ទូកទេសចរណ៍ ប្រភេទទូក ៨គូរ ម៉ាស៊ីនឡាន១គ្រឿង ពណ៌ត្រួយចេកខ្ចី ។ ២.ម្ចាស់ទូក ឈ្មោះ ម៉ន សុភ័ក្ត្រ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទូកទេសចរណ៍ ប្រភេទទូក ៨គូរ ម៉ាស៊ីនឡាន២គ្រឿង ពណ៌ត្រួយចេកខ្ចី ។ ៣. ម្ចាស់ទូកឈ្មោះ ហ៊ន ម៉េងហ៊ាង ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរ បើកទូកទេសចរណ៍ ប្រភេទទូក ៨គូរ ម៉ាស៊ីនឡាន២គ្រឿង ពណ៌លឿង។ ៤. ម្ចាស់ទូកឈ្មោះ យើ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ នេសាទ ប្រភេទទូក ៧គូរ ម៉ាស៊ីនកៅវ៉ា ពណ៌ទឹកប៊ិច (ស្នាក់នៅបណ្ដោះអាសន្ន) ។ ៥. ម្ចាស់ទូកឈ្មោះ ស៊ីន អេល ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ នេសាទ ប្រភេទទូក ៦គូរ ម៉ាស៊ីនកៅវ៉ា ពណ៌ក្រហម (ស្នាក់នៅបណ្ដោះអាសន្ន) និង៦. ម្ចាស់ទូកឈ្មោះ ប្រុស ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មុខរបរ នេសាទ ប្រភេទទូក ៦គូរ ម៉ាស៊ីនកៅវ៉ា ពណ៌តូអា កម្លាំង ១៣សេះ (ស្នាក់នៅបណ្ដោះអាសន្ន) ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុង/ខេត្តព្រះសីហនុ ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីព្រមានឥទ្ធិពលរបស់ព្រុះ ប៉ាប៊ុក (PABUK) ដោយព្យុះនេះ វិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ ភាគខាងត្បូងប្រទេសថៃ ដែលលក្ខណៈបែបនេះ អាចធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយចំនួន មានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូននេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕ ដោយ ៖ កូឡាប