តាកែវ ៖ ថ្លែងនៅក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ ០១ ធ្នូ ២០១៧ ក្រោមប្រធានបទ កម្ពុជាបេ្ដជ្ញាឆ្ពោះទៅសម្រេច បាននូវគោលដៅសូន្យបី និង ៩៥-៩៥-៩៥ នៅសាលប្រជុំមជ្ឈមណ្ឌលគុរកោសល្យខេត្តតាកែវ នាព្រឹកថ្ងៃទី១២ ធ្នូ ២០១៧។ឱសថការី ផាន់ វ៉ាន់ អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺអេសដស៍ខេត្តបានលើកឡើងថា នៅក្នុងខេត្តតាកែវ ក្នុងរយៈពេល ៣ត្រីមាស ក្នុងឆ្នាំ ២០១៧នេះ មានអ្នកជម្ងឺដែលកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោងអេដស៍មានចំនួន ២៦៦០នាក់ ក្នុងនោះមានកុមារចំនួន ១២៥នាក់ ដោយឡែកនៅមានអ្នកជម្ងឺ ២៣នាក់ទៀតនៅមិនទាន់ចូលមកទទួលឱសថព្យាបាលនៅឡើយ ។
សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ នៃការអង្កេតរកអត្រាប្រេវ៉ាឡង់ របស់ថ្នាក់ជាតិក្នុងឆ្នាំ ២០១៧នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើង មានអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅមានចាប់ពីអាយុ ១៥ឆ្នាំ ឡើងទៅ ៤៥ឆ្នាំ មានប្រមាណ ០,៦% បើធៀបទៅនឹងឆ្នាំ ២០១០ មានអាត្រាប្រេវ៉ាឡង់ដល់ទៅ ០,៨%ឯកណ្ណោះ ។
នេះសរបញ្ជាក់អោយឃើញថា ដោយមានការខិតខំប្រឹងប្រែង និងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ជាតិ ខេត្ត អន្តរមន្ទីរ ពិសេសពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទើបប្រជាជននៃប្រទេសកម្ពុជារបស់យើងបានយល់ដឹងកាន់តែច្បាស់ នៃការឆ្លងរីករាលដាលនៃជម្ងឺអេដស៍។
លោក នុត ស៊ីណាត អនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ខេត្ត បានមានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះចំនួន អ្នកកើតមានជម្ងឺអេដស៍មានការថយចុះច្រើនគួរអោយគត់សម្គាល់ ដោយសារក្នុងពេលបច្ចុប្បន្ននេះ ក្រុមយុវជន សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាច្រើនបានយល់ដឹងពីជម្ងឺអេដស៍នេះដែលតម្រូវអោយមនុស្សជាច្រើនត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ចំពោះរោគសញ្ញានានាដែលបណ្តាលអោយឆ្លងមេរោគអេដស៍មកលើខ្លួនមនុស្សបាន នេះជាវឌ្ឍនភាព ដែលប្រកដដោយក្តីសង្ឃឹម និងការជឿជាក់ដ៏ពិតប្រាកដក្នុងការឆ្ពោះទៅសម្រេចបាននូវគោលដៅសូន្យបី និង ៩៥-៩៥-៩៥ នាឆ្នាំ ២០២៥ខាងមុខ ។
គួររំលឹកផងដែរថា តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងជម្ងឺអេដស៍ ក្នុងឆ្នាំ២០១៧នេះបានបង្ហាញយ៉ាងច្បាស់ការថា កម្ពុជាបានកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មីរហូតបានដល់ទៅ ៥០% គិតចាប់តាំងពីឆ្នាំ ២០១១ ហើយករណីឆ្លងមេរោគអេដស៍ថ្មីកំពុងតែធ្លាក់ចុះជាបន្តបន្ទាប់ ។
លើសពីនេះទៅទៀត កម្ពុជាអាចផ្តល់ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទៅដល់អ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ដែលកំពុងត្រូវការបានរហូតដល់ទៅ ៩៧% ។ ជាលទ្ធផលបានធ្វើឳ្យអត្រាមរណភាពដោយសារជម្ងឺអេដស៍បន្តធ្លាក់ចុះជារៀងរាល់ឆ្នាំ៕ តាកែវ