Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ថៃ មាន​គម្រោង​បង្កើត​ចម្ការ និង​ដាំដំឡូង​មី នៅលើ​ផ្ទៃដី​ចំនួន ៤ ០០០​ហិកតា នៅ​ស្រុក​សំរោង​

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៨ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានអនុញ្ញាត​ឱ្យ លោក Ho Ren Hua នាយក​ក្រុមហ៊ុន ធី​ដាប់​ប៊​ល​យូ​ភី​ស៊ី អ៊ី​ន​វេស​មិន (​ខេ​ម​បូឌា​) ឯ​.​ក ចូលជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ នៅ​ឯ​ទីស្តីក្រ​សួង​។​

​លោក​នាយក​ក្រុមហ៊ុន បាន​ថ្លែងថា ក្រុមហ៊ុន​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ និង​បាន​បោះទុន​វិនិយោគ លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​បាន​ទទួល​គោលការណ៍ បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​​តាំងពី​ចុង​ឆ្នាំ​២០១៧ មកម្ល៉េះ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បញ្ចប់​ការសាងសង់​រោងចក្រ និង​ត្រៀមលក្ខណៈ ក្នុងការ​ដំណើរការ​កែ​ច្នៃ​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ នៅក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការកែច្នៃ​ដំឡូង​មី​ពី ៤០០០០ ទៅ ៥០០០០​តោន​ ​និង​បង្កើន​ការកែច្នៃ​រហូត​ដល់ ២០០ ០០០​តោន នៅពេល​អនាគត​។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​បង្កើត​ចម្ការ និង​ដាំដំឡូង​មី​​នៅលើ​ផ្ទៃដី​ចំនួន ៤ ០០០​ហិកតា នៅ​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ ដោយ​ខ្លួនឯង ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​។​

​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តី​សាទរ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​បោះទុន​វិនិយោគ នៅ​កម្ពុជា ហើយ លោក​រដ្ឋមន្ត្រី​ ​ក៏​សូម​គាំទ្រ​ដល់​ការបង្កើត​ចម្ការ និង​ដាំដំឡូង​មី នៅ​កម្ពុជា​ផងដែរ​។ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ក្រុមហ៊ុន​ ​ឱ្យ​អនុវត្ត​នូវ​ផលិត​ផ​កម្ម​តាម​កិច្ចសន្យា ដោយ​ធ្វើ​ការកំណត់​ទីតាំង​ដាំ​ដុះ ដែល​មាន​សក្តានុពល​សម្រាប់​ដំណាំ​ដំឡូង​មី​ ។ ​ទន្ទឹម​នឹង​នេះ​បណ្តា​ខេត្ត ដែល​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ឧត្តរមានជ័យ ក៏​មាន​សក្តានុពល សម្រាប់​ដំណាំ​នេះ​ផង​ដែរ​។ ជា​ចុងក្រោយ​​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមហ៊ុន បន្ត​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​ពី​នីតិវិធី​នានា ក្នុង​ការគាំទ្រ​ដល់​ការវិនិយោគ​នេះ​​ទទួលបាន​ជោគជ័យ​៕ ​ដោយ ​៖ ​រចនា​

 

×