ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានធ្វើការអំពាវនាវដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមចិត្តរួមថ្លើមជាមួយគ្នា ដើម្បីលុបបំបាត់គ្រឿងញៀន ឲ្យអស់ពីប្រទេសកម្ពុជា ខណៈឆ្នាំ២០១៨ នគរបាលបង្ក្រាបគ្រឿងញៀន បានជិត ៦.៨០០ករណី ឃាត់ខ្លួនជនសង្ស័យ១៣.៣៩៧នាក់ និងរឹបអូសថ្នាំជាង ៥០០គីឡូក្រាម។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន បានអះអាងថា ការបង្ក្រាបបទល្មើសគ្រឿងញៀនតូចៗ ទទួលបានជោគជ័យ ទើបឈានដល់ការបង្ក្រាបបទល្មើសធំ ឬមេខ្លោងបានជោគជ័យដូចគ្នា ដូច្នេះហើយកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែរួមដៃគ្នា ដើម្បីខិតខំបង្ក្រាបបទល្មើសមួយនេះឲ្យខាងតែបាន។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងខ្ញុំបានណែនាំហើយថា យើងមិនអាចចោលករណីតូចតាចបាននោះទេ យើងមានពិសោធន៍ថា យើងបង្ក្រាបករណីតូច យើងបន្ដស្រាវជ្រាវដោយយកចិត្តទុកដាក់ព្យាយាមយើងរកឃើញករណីធំៗច្រើនបន្ថែមទៀត។ ជនល្មើសទាំងអស់នោះ គឺជាដៃជើង ឬកូនចៅរបស់មេក្លោងធំៗ”។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា កងកម្លាំងមានសមត្ថកិច្ច ត្រូវតែបង្ក្រាបគ្រប់មូលដ្ឋានសម្ងាត់ របស់សមត្ថកិច្ចរូបណា ដែលធ្លាក់ខ្លួនលួចរកស៊ីគ្រឿងញៀន ព្រោះថាកម្លាំងមូលដ្ឋានសម្ងាត់ មិនអាចឲ្យធ្លាក់ខ្លួនទៅប្រព្រឹត្តបទល្មើសបានឡើយ ហើយបើប្រព្រឹត្តត្រូវតែបង្ក្រាបគ្មានការលើកលែង។ ក្នុងប្រតិបត្តិការបង្ក្រាប ត្រូវតែយកចិត្តទុកដាក់ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន របស់កងកម្លាំង បើចៀសវាងបានកុំឲ្យមានការផ្ទុះអាវុធជាដាច់ខាត។ ករណីបង្ក្រាបថ្ងៃនេះ មិនបាន ត្រូវតែព្យាយាមតាមបង្ក្រាបបន្ដទៀតនៅថ្ងៃក្រោយ ដោយមិនត្រូវឲ្យមានសមត្ថកិច្ចណាម្នាក់ រងគ្រោះថ្នាក់ឡើយ។
លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំពាវនាវដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមចិត្តរួមថ្លើមជាមួយគ្នា ដើម្បីលុបបំបាត់គ្រឿងញៀន ឲ្យអស់ពីប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ នគរបាលបង្ក្រាបគ្រឿងញៀន បានជិត ៦.៨០០ករណី ឃាត់ខ្លួនជនសង្ស័យ១៣.៣៩៧នាក់ និងរឹបអូសថ្នាំជាង ៥០០គីឡូក្រាមនោះ។ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានណែនាំឲ្យខិតខំក្ដាប់ជាប់សភាពការណ៍ បទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន និងចុះត្រួតពិនិត្យជាប្រចាំ ការធ្វើបច្ចុប្បន្នភាពមុខសញ្ញា ដោយផ្អែកលើផែនការប្រៀបសមរភូមិប្រឆាំងបទល្មើសគ្រឿងញៀន ផ្សាភ្ជាប់ជាមួយការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
លោកឧត្តមសេនីយ៍ឯក នាយកមន្ទីរ សមត្ថកិច្ចទាំងអស់ត្រូវបន្ដការទំនាក់ទំនងល្អ ជាមួយស្ថាប័នអយ្យការ និងតុលាការ ដើម្បីបម្រើការងារជំនាញក្នុងកិច្ចសហប្រតិបត្តិការ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព និងស្របតាមនីតិវិធី ៕ ដោយ ៖ កូឡាប