ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា នៅពេលនេះ សម្តេចកំពុងបង្កើតយុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជាដើម្បីទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិក បើទោះបីជាគេអនុគ្រោះឬមិនអនុគ្រោះ ក៏កម្ពុជានៅតែរស់។
ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចបានជួបពិភាក្សា ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបយុទ្ធសាស្ត្រថ្មីមួយ ដើម្បីទប់ទល់ទៅនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ របស់អឺរ៉ុប និងអាមេរិក ដោយថា កម្ពុជា ដល់ពេលដែលខ្លួនត្រូវពង្រឹងឯករាជ្យ ឈប់ពឹងលើខ្យល់ដកដង្ហើមរបស់ប្រទេសដទៃ ដើម្បីរស់ហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាគ្មាន ការអនុគ្រោះពន្ធទំនិញពីអឺរ៉ុប ក៏កម្ពុជា មិនស្លាប់នោះដែរ។ សម្តេច ទើបនឹងសម្រេចឲ្យគ្រប់ច្រកព្រំដែនទាំងអស់ ទុកឲ្យមានស្ថាប័នអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ ចំណែកឯស្ថាប័នផ្សេងៗ នឹងត្រូវជម្រុះចោល។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ” ជាង៣០ឆ្នាំកន្លងមកនេះ បទពិសោធន៍នៃគោលនយោបាយ មិនមែនយើងដាក់ទៅនោះ ចេះតែត្រូវនោះទេ សូម្បីតែមុនមកនេះ ខ្ញុំត្រូវដោះស្រាយបញ្ហាមួយចំនួន ក្នុងក្របខ័ណ្ឌគោលនយោបាយ គាំទ្រទៅលើបញ្ហាធុរកិច្ច នៅក្នុងប្រទេសយើង ដែលខ្ញុំបានឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បើកយុទ្ធនាការ ដែលគេហៅថា យុទ្ធនាគារពង្រឹងឯករាជ្យរបស់កម្ពុជា ។ មានចំណុចមួយចំនួន អាចនឹងជួយឲ្យវិស័យធុរកិច្ច របស់យើងបើទៅបីជាគ្មានភាពអនុគ្រោះ ក៏កម្ពុជា នៅតែរស់ ។ ឧទាហរណ៍ ខ្ញុំបានសម្រេចអម្បាញ់មិញ នៅតាមមាត់ច្រកតាមព្រំដែន ក្នុងការនាំចេញនាំចូល អត់មានតម្រូវការឲ្យមានស្ថាប័នណា ក្រៅពីអន្តោប្រវេសន៍ និងគយទេ។ ឲ្យតែពីរហ្នឹងទេ! ក្រៅពីនោះ ដកចេញឲ្យអស់ ទាំងកាំកុងត្រូល ទាំងអាស្អី ដកចេញឲ្យអស់ ព្រោះអាហ្នឹង វាកើតទៅជាឧបសគ្គ ស្ថាប័ននានាវាកើតទៅជាឧបសគ្គនៃការរារាំង នៃការធ្វើពាណិជ្ជកម្មទៅវិញទេ។ អ៊ីចឹងទេ បើទុកវានាំតែខាងអ៊ីចឹងដែរ ។ ឲ្យវាចេញមក ទុកតែប៉ូលិសអន្តោប្រវេសន៍ ព្រោះអាហ្នឹងវាឆ្លងកាត់ វាត្រូវវាយត្រា ហើយហ្នឹងទុកតែគយបានហើយ ព្រោះវាត្រូវវាយត្រា ឯក្រៅពីនោះ ត្រូវដកចេញមកទាំងអស់ទៅ ។ បើអត់មានការងារធ្វើទេ គឺបុគ្គលិកចូលនិវត្តន៍មិនបាច់រើសថែមទៀត កុំរើស។ បញ្ហាមួយចំនួនត្រូវធ្វើដូចជាអាស្គេន ត្រូវបញ្ចុះថ្លៃអាស្គេនហ្នឹងទៀត ព្រោះថាយើងមិនត្រូវស្គេន ដើម្បីដឹងថា ទំនិញនាំចេញនាំចូល របស់យើងវាមិនបង្កប់ដោយស្អី ហើយតម្លៃរបស់យើងថ្លៃ ដូច្នេះយើងត្រូវទម្លាក់ចុះ ដើម្បីឲ្យគេនាំចេញ ឲ្យអ្នករកស៊ីកាន់តែមានប្រាក់ចំណេញ ។ នៅមានមួយចំនួនទៀត ដែលយើងត្រូវធ្វើ អ៊ីចឹងបានសេចក្តីថា បើយោងទៅលើអ្វីដែលយើងរកឃើញនេះ អ្វីដែលយើងដាក់នាពេលកន្លងទៅ វាអត់ទាន់ត្រូវ ត្រូវកែលម្អ ។ ខ្ញុំបានប្រើពាក្យនៅសន្និបាតទៅកោះពេជ្រ ប្រើពាក្យ បាវចនា២ អភិក្រម៥ ។ បាវចនា២ គឺកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ឯអភិក្រម៥ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។ ដូច្នេះគ្រាន់តែមុនមកអម្បាញ់មិញ ខ្ញុំបានសម្រេច ធ្វើឲ្យសម្រាលទៅដល់ក្រុមធុរកិច្ច ដែលអាចនិយាយបានថាបើទោះបីមានភាពអនុគ្រោះ ឬគ្មានភាពអនុគ្រោះ បានសេចក្តីថាកម្ពុជាធានាថារស់ក្នុងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ។ ចំណែកឯបញ្ហាចំណាយក្រោមតុ ចំណាយលើតុ ដែលនៅមាន ត្រូវកាត់បន្ថយបញ្ហាហ្នឹងទាំងអស់ ដើម្បីពង្រឹងស្មារតីឯករាជ្យ កុំឲ្យផ្អែកលើអុកស៊ីរបស់គេ អ្នកឯកចង់ដកអុកស៊ីយកទៅណា ក៏ដកទៅ ខ្ញុំនៅតែរស់ នេះជារឿងចាំបាច់ត្រូវធ្វើ។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន២រូប បានស្នើទៅរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យសើរើច្បាប់ពាណិជ្ជកម្ម ឬដកហូតប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP ជាមួយកម្ពុជា ខណៈសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតនៃទំនិញនាំចេញពីកម្ពុជានោះ ក៏បានដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជាផងដែរ ដែលប្រព័ន្ធនៃការអនុគ្រោះពន្ធទាំងពីរនេះ បានធ្វើឲ្យកម្ពុជាចំណេញថវិការាប់រយលានដុល្លារក្នុងមួយឆ្នាំ ៕ ដោយ ៖ កូឡាប