មណ្ឌលគិរី ៖ មន្ដ្រីជំនាញគីមីក្រុមការងារប្រយុទ្ធប្រឆាំង និងអាវុធគីមី សហការជាមួយជាមួយនគរបាលមូលដ្ឋាន បានចុះទៅត្រួសត្រាយផ្លូវ ឆ្ពោះទៅទីតាំងធុងអាវុធគីមី ដើម្បីងាយស្រួលដល់មន្ត្រីជំនាញផ្នែកអាវុធគីមី របស់អង្គការសហប្រជាជាតិ ដែលគ្រោងនឹងមកដល់ខេត្តមណ្ឌលគិរីដើម្បីចុះទៅពិនិត្យ និងរកវិធានការដោះស្រាយ ឬបំផ្លាញឲ្យអស់នូវសំណល់ដ៏គ្រោះថ្នាក់ ។
ធុងអាវុធគីមី ដែលទុកចោលរាប់សិបឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងព្រៃជ្រៅ ក្នុងខេត្ដមណ្ឌលគិរី ។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ក្រុមការងារប្រយុទ្ធប្រឆាំងអាវុធគីមី បានរកឃើញទីតាំងគ្រាប់មានចំនួន១១ ចំណុចស្មើ១១ធុង (មិនទាន់ផ្ទុះទាំងអស់) ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំរបស់ឧត្តមសេនីយទោ ចា វ៉ាន់ថា អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនិងអាវុធគីមីដែលក្រុមការងារមានចំនួន១០នាក់ក្នុងនោះក្រុមការងាស៊ីម៉ាក់មានចំនួន៦នាក់ក្រុមការងារប្រយុទ្ធប្រឆាំងនិងអាវុធគីមីចំនួន៤នាក់ ។
គ្រាប់មានចំនួន១១ចំណុចស្មើ១១ធុង(មិនទាន់ផ្ទុះទាំងអស់)នោះជាសំណល់សម័យសង្គ្រាមវៀតណាម-អាមេរិក ហើយបាននិងកំពុងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ រស់នៅស្រុកអូររាំង ដោយសារតែខ្លាចការសាយភាយសារធាតុគីមី បញ្ចេញពីគ្រាប់បែកគីមី ដែលសល់តាំងពីសម័យអាមេរិច ទម្លាក់ក្នុងទឹកដីកម្ពុជា៕ដោយ៖បញ្ញាស័ក្តិ