ខេត្តព្រះសីហនុ៖ មន្ត្រីព័ត៌មានសាធារណៈ របស់កងទ័ពជើងទឹកកម្ពុជា មូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ ជាមិត្តភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃរួចមក នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញហើយ នៅវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ។
គាត់វិលត្រឡប់ របស់នាវាកងទ័ពជើងទឹកចិនពេលនេះ ក៏មានពិធីជូនដំណើរផ្លូវការពីសំណាក់មន្ត្រីយោធាកងទព័ជើងទឹកមូលដ្ឋានសមុទ្រ និងមន្ត្រីស្ថាប័នពាក់ពន្ធ័ជាច្រើនទៀតបានចូលរួម។
នាវាកងទ័ពរំដោះប្រជាជនចិន ទាំង ៣គ្រឿងខាងលើនេះ មានកងនាវិកសរុប ចំនួន៦៩៥នាក់ ដឹកនាំដោយ ឧត្តមនាវីទោ Xu Hai Hua នាយរងសេនាធិការកងនាវាតំបន់សមុទ្រខាងជើង នៃកងទព័រំដោះប្រជាជនចិន។ ក្នុងនោះនាវាទី១មាន ឈ្មោះ PLANS WUHU (FFG 539 )មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ និងទម្ងន់ផ្ទុកជាងបួនពាន់តោន។
នាវាទី២ មានឈ្មោះ PLANS HANDAN (FFG 579) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ និងមានទម្ងន់ផ្ទុកជាងបួនពាន់តោន។
នាវាទី៣ មានឈ្មោះ PLANS DONG PING LAKE (AOR 960) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក១០ម៉ែត្រ និងមានទម្ងន់ផ្ទុកជាងពីរម៉ឺនតោន។
មន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងដែរថា នៅក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការនៅកម្ពុជា របស់នាវាកងទ័ពជើង ទឹកចិន ក៏មានជំនួបសម្តែងការគួរសមពីមេបញ្ជាការនាវាចិន ជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជំនួបជាមួយថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា ការប្រកួតកីឡាជាមិត្តភាព រវាងក្រុមនាវិកកងនាវាចិន និងក្រុមនាវិកកងទ័ពជើងទឹកកម្ពុជា នៅក្នុងមូលដ្ឋានសមុទ្ររាម ព្រមទាំងមានការ ធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាផងដែរ៕ ដោយ ៖ ដែន សីមា