Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ចេញ​សារាច​ដើម្បី​បង្ការ​និង​ទប់ស្កាត់ ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ដល់​ជនបរទេស ដែល​ជា​ទីប្រឹក្សា​និង​ជំនួយការ ឥស្សរជន និង​ក្រសួង​ស្ថាប័ន​កម្ពុជា​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​ណែនាំ ពាក់ព័ន្ធ​នឹង​ការផ្តល់​លិខិតឆ្លងដែន​ការទូត ដល់​ជនបរទេស ដែល​ជាទី​​ប្រឹក្សា និង​ជំនួយការ ឥស្សរជន​ខ្មែរ និង​ក្រសួង​ស្ថាប័ន​កម្ពុជា ។ នេះ​បើ​តាម​សារាចរ ស្តីពី​ការផ្តល់​លិខិតឆ្លងដែន​ការទូត ដែល​បណ្តាញ​សារព័ត៌មាន ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩​។​

​តាម​សារាចរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាល បាន​សង្កេតឃើញថា ឥស្សរជន និង​ក្រសួង​ស្ថាប័ន​មួយចំនួន បាន​​តែងតាំង​បុគ្គល​ដែល​ជា​ពលរដ្ឋ​បរទេស​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា និង​ជំនួយការ​។ ក្នុងចំណោម​នោះ បុគ្គល​ទាំងនោះ មាន​ខ្លះ​ចូលសញ្ជាតិ​​ខ្មែរ និង​បាន​ដាក់​ពាក្យសុំ​ប្រើប្រាស់ លិខិតឆ្លងដែន​ការទូត​កម្ពុជា​។​

​ដោយ​សង្កេត​ឃើញ​ពី​ការ​មិន​ចាំបាច់ ក្នុង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ក្នុង​ករណី​បែប​នេះ និង​ដើម្បី​បង្ការ ទប់ស្កាត់​ការ​​ប្រើ​ប្រាស់​លិខិតឆ្លងដែន​ការទូត មិន​ត្រូវ​ត្រូវ​ទៅ​តាម​បេសកកម្ម ស្របតាម​អនុក្រឹត្យ លេខ ២០២ អនក្រ .​បក​. ចុះ​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ ឆ្នាំ​២០០៨ ស្តីពី​ការផ្តល់ និង​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ រាជរដ្ឋាភិបាល សម្រេច​​ធ្វើការ​ណែនាំ​បន្ថែម​អំពី​បែប​បទ​នៃ​ការផ្តល់ និង​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ដូច​ខាង​ក្នុង​លិខិត​ខាងក្រោម​នេះ ៖១) ​លិខិតឆ្លងដែន​ការទូត​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា មិន​ត្រូវ​ផ្តល់​ជូន​ទីប្រឹក្សា ឬ​ជំនួយការ​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​​របស់​ឥស្សរជន​ជាន់ខ្ពស់ ឬ​របស់​ក្រសួង ស្ថាប័ន​នានា​ឡើយ លើកលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​យល់​ថា​ចាំបាច់​បំផុត​។​

​រាល់​ក្រសួង ស្ថាប័ន មាន​ភារកិច្ច​ប្រមូល​លិខិតឆ្លងដែន​ការទូត​ដែល​ក្រសួង ស្ថាប័ន​នេះ​បាន​ស្នើសុំ​ជូន​ទីប្រឹក្សា​ ​និង​ជំនួយការ​របស់​ខ្លួន ដែល​ពុំ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​ប្រគល់​លិខិតឆ្លងដែន​ការទូត​ទាំងនោះ ជូន​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ មិន​ឲ្យ​ហួស​ពី​រយៈពេល​មួយខែ គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​នេះ​។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ មាន​ភារកិច្ច​ពិនិត្យ ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត​ដែល​កន្លងមក​ត្រូវបាន​ផ្តល់​ជូន​បុគ្គល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។ ក្រសួងមហាផ្ទៃ មាន​ភារកិច្ច​សហការ​ទប់ស្កាត់​ការប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ទាំង​នោះ សម្រាប់​ការចេញចូល​នៅ​តាម​ច្រកទ្វារ​ព្រំដែន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​តាម​ការស្នើសុំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​រាយការណ៍​ថា គឺជា​អ្នក​កាន់​លិខិត ឆ្លង​ដែន​កម្ពុជា កាសែត South China Morning Post បានដឹង​ពី​ការបន្ថែម​ទម្ងន់ ទៅ​លើ​ទ្រឹស្តី​ដែល​លោកស្រី បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ នៅ​ឆ្នាំ​២០១៧ តាមរយៈ​ប្រទេស​កម្ពុជា ទោះបីជា​មាន​ការបដិសេធ​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល ក្រុងភ្នំពេញ​ក៏​ដោយ ។ មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់​​ថា អាជ្ញាធរ​កម្ពុជា មិន​ធ្លាប់​បាន​ចេញ​លិខិតឆ្លងដែន ឲ្យ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវ​គេ​រាយការណ៍​ថា បាន​យក​ទៅ​ចុះបញ្ជី​ក្រុមហ៊ុន នៅ​ប្រទេស​ចិន​ឡើយ​ ៕ ​ដោយ ​៖ ​រចនា​

   

×