ស្ទឹងត្រែង៖ ឈ្មួញរកស៊ីឈើដ៏ល្បីឈ្មោះឧកញ៉ាជ័យកំពុងប្រមូលឈើរាប់មុឺនម៉ែត្រគូបចេញពីបាតអាងក្នុងខេត្តស្ទឹងត្រែង។ តាមការអះអាងពីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តខ្នាតធំប្រភេទវ៉េអង និងយីឌុបសរុបចំនួន៩០គ្រឿង ចេញពីរោងចក្រអារ កែច្នៃឈើបណ្តោះអាសន្ន នៅស្រុកសេសាន នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរខេត្តស្ទឹងត្រែង។
លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្តីទីបានប្រាប់ឲ្យដឹងថាឈើដែលដឹកតាមរថយន្ត វ៉េអង និងយីឌុបខាងលើជា ប្រភេទឈើលេខ១និងលេខ២ មានលិខិតអនុញ្ញាតរបស់មន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើ និងមានការវាស់វែងត្រឹមត្រូវមុននឹងរថយន្តចេញដំណើរ។
លោក លៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា រថយន្តបានដឹកជញ្ជូនផលអនុផល
ព្រៃឈើអារកែច្នៃ ចេញពីរោងចក្រអារកែច្នៃឈើបណ្តោះអាសន្នសេសាន ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ដោយអនុវត្តតាមគោលការ ណែនាំលើលិខិតអនុញ្ញាត ពុំមានល្មើសផ្ទុយពីការអនុញ្ញាតឡើយ។
លោក ចាប ពិសិដ្ឋ នាយរងសង្កាត់រដ្ឋបាលព្រៃឈើសេកុង និងជាប្រធានក្រុមចម្រុះ ប្រចាំគោលដៅថ្នាលបណ្តុះកូនឈើភ្នំក្រហមបានឲ្យដឹងថា ឈើដែលដឹកតាមរថយន្តធុនធំខាងលើ ជាប្រភេទឈើលេខ១និងលេខ២ ដោយបានផ្ទុកលើរថយន្តចំណុះ១៨ម៉ែត្រគុប គឺជាចំនួនម៉ែត្រគុបត្រីគុណ ដែលច្បាប់អនុញ្ញាតកំណត់ផ្ទុកលើរថយន្ត។ លោកបញ្ជាក់ថារថយន្តក្រុមហ៊ុនដឹកឈើខាងលើចេញ ពីរោងចក្រអារកែច្នៃឈើបណ្តោះអាសន្នសេសាន ដោយបានំណើរការរៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី៥មករា ចំនួន១២រថយន្តថ្ងៃទី៦មករា ចំនួន១៤រថយន្តថ្ងៃទី៧ មករាចំនួន១៤រថយន្ត ថ្ងៃទី៨មករាចំនួន១៥រថយន្តថ្ងៃទី៩ មករា ចំនួន១៦រថយន្ត និងថ្ងៃទី១០
មករា ២០១៩ ចំនួន១៩រថយន្ត ជារបស់លោកឧកញ៉ា ជ័យ ។ អ្នកឃ្លាំមើល និងប្រជាពលរដ្ឋនៅមូលដ្ឋាន សង្ឃឹមថា ឈើទាំងនោះពិតជាស្របច្បាប់។ ពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងលោកឧកញ៉ាជ័យ ដើម្បីបំភ្លឺបានទេ៕ ដោយ ៖ រចនា