ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងផ្ទះក្រុមសកម្មជនបក្សប្រឆាំង រិះគន់រាជរដ្ឋាភិបាល រឿងគ្រប់គ្រងព្រៃឈើមិនបាន តែផ្ទះរបស់ពួកគេ ធ្វើឡើងសុទ្ធតែឈើប្រណិត។
ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងទី៣ នាព្រឹកថ្ងៃទី១៤ មករានេះ សម្ដេចតេជោ បានមានប្រសាសន៍ថា មនុស្សចេះតែកើនឡើង ជាហេតុនាំឲ្យមានតម្រូវការ កាប់ព្រៃកើតឡើងជាបន្តបន្ទាប់ ដើម្បីយកដីធ្វើស្រែ ចំការចិញ្ចឹមជីវិត ។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នឹងទៅរុះរើផ្ទះ ហើយរឹបអូស យកឈើនោះទាំងអស់ ព្រោះពួកគេពូកែរិះគន់សម្ដេចថា មិនចេះគ្រប់គ្រងព្រៃឈើ ។ សម្តេចតេជោ បានបន្ថែមថា ផ្ទះរបស់ពួកគេ ម្នាក់ៗ សុទ្ធតែធ្វើឡើងពីឈើប្រណីតៗ ។ ផ្ទះពួកបក្សប្រឆាំង ធ្វើសុទ្ធតែពីឈើ បែរជាមកជេរសម្ដេចថា ធ្វើឲ្យអស់ព្រៃឈើទៅវិញ ហើយពួកគេប្រើប្រាស់ ឈើសុទ្ធតែប្រណីតៗ តាំងពីបេង ធ្នង់ នាងនួន គ្រប់សព្វទាំងអស់ ។ “សព្វថ្ងៃបើតាមតែថា មានពេលណាមួយនឹងត្រូវដោះស្រាយជាមួយគ្នា ជេរឯងអារឿងបាត់ព្រៃឈើ ក្នុងពេលដែលពួកគេទៅធ្វើចំការឲ្យពេញ អាហ្នឹងមួយទៅ ។ មួយទៀតជេរឯងថា បាត់ព្រៃឈើ ក្នុងពេលដែលផ្ទះវា ជញ្ជាំងសុទ្ធតែឈើ អាខាងក្នុងសុទ្ធតែឈើ ។ ចឹងទេថ្ងៃណាមួយ ឲ្យតែមុខសញ្ញាពួកប្រឆាំង ខ្ញុំដើរទៅរុះផ្ទះទាំងអស់ ដើររុះផ្ទះហើយយកឈើ រួចហើយថា មកពីហែងថា អញបាត់ឈើ ចុះឈើហែងធ្វើផ្ទះហ្នឹង ហែងបានមកពីណា” សម្តេចតេជោថ្លែងយ៉ាងដូច្នេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ថ្ងៃណាមួយ ទៅរុះរើត្រឹមតែ១០០ផ្ទះ រុះហើយ យកតែឈើ ចំណែកស៊ីម៉ងត៍កុំយក រួចចង្អុលបង្ហាញថា “ហែងជេរអញ ធ្វើឲ្យបាត់ឈើ ឥឡូវឈើហ្នឹង ហែងយកមកពីណា” ៕ ដោយ ៖ រចនា