អាហារដែលយើងបរិភោគរាល់ថ្ងៃ អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនខុសៗគ្នាចំពោះសុខភាព។ អាហារខ្លះជួយធ្វើឲ្យរាងកាយមាំមួន ខណៈអាហារខ្លះទៀតជួយធ្វើឲ្យឆ្អឹងរឹងមាំ និងជួយការពារខ្លួនយើងពីជំងឺផ្សេងៗជាច្រើន។
ចំណែកអាហារប៉ុន្មានមុខខាងក្រោមនេះ មិនត្រឹមតែល្អចំពោះសុខភាពនោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនការចងចាំរបស់ខួរក្បាលទៀតផង។ តើអាហារទាំងនោះមានអ្វីខ្លះ?
– ត្រីសាលម៉ុង ៖ ត្រីដែលរស់នៅក្នុងទឹកជ្រៅដូចជា ត្រីសាម៉ុង គឺសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ ដែលមានសារៈសំខាន់សម្រាប់មុខងាររបស់ខួរក្បាល។ ខ្លាញ់ត្រីអូមេហ្គា ៣ មានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក។
– គ្រាប់ធញ្ញជាតិ ៖ គឺជាប្រភពដ៏ល្អនៃវីតាមីន E ដែលជួយកាត់បន្ថយភាពចាស់ និងជួយបង្កើនការចងចាំ។
– ផ្លែប័រ ៖ វាក៏មានអត្ថប្រយោជន៍ ដូចផ្លែបឺរីខៀវដែរ។ វាជួយក្នុងការលើកកំពស់សុខភាពខួរក្បាល។ ប័រ គឺជាផ្លែឈើដែលគ្មានជាតិខ្លាញ់ ហើយរួមចំណែកដល់លំហូរឈាមដែលនាំអោយមានសុខភាពល្អ។ កាលណាមានលំហូរឈាមល្អ គឺមានន័យថា ខួរក្បាលមានសុខភាពល្អ។ ផ្លែប័រ ជួយបញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យជំងឺលើសឈាម។
– ផ្លែបឺរីពណ៌ខៀវ ៖ វាជួយការពារខួរក្បាលពីភាពតានតឹង និងអាចជួយកាត់បន្ថយផលប៉ះពាល់ដែលទាក់ទងនឹងអាយុ ដូចជាជំងឺចាស់វង្វេងជាដើម។ ការសិក្សាក៏បានបង្ហាញថា អាហារដែលសម្បូរទៅដោយផ្លែបឺរីពណ៌ខៀវ គឺល្អសំរាប់បញ្ញាស្មារតី។
– នំប៉័ងគ្រាប់ធញ្ញជាតិ និងអង្ករសម្រូប ៖ អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង។ សរីរាង្គទាំងអស់នៅក្នុងរាងកាយពឹងផ្អែកលើលំហូរឈាម ដូច្នេះ ប្រសិនបើអ្នកលើកកំពស់សុខភាពសរសៃឈាមបេះដូងអោយមានលំហូរល្អ នោះសរីរាង្គក៏មានសុខភាពល្អដែរ រួមបញ្ចូលទាំងខួរក្បាលផងដែរ៕ សុភ័ក្ត្រ
ប្រភព៖ health