ព្រះសីហនុ៖ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមប្រចាំ ខេត្តព្រះសីហនុ រិះគន់កម្លាំងនគរបាល កងរាជអាវុធហត្ថ ព្រមទាំងមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលគ្មានវិធានការចុះបង្ក្រាបបទល្មើសសត្វព្រៃ ដែលត្រូវម្ចាស់ហាងដាក់លក់ជូនភ្ញៀវ នៅតាមភោជនីយដ្ឋាន ពិសេសហាងផឹកស៊ី យ៉ាងអនាធិបតេយ្យនាមូលដ្ឋាននេះទេ។
ផ្តើមពីបញ្ហានេះ លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះសីហនុ បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តនេះដឹងនៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ថា មុខម្ហូបចំអិន ពីសាច់សត្វព្រៃគ្រប់ប្រភេទ គឺមានដាក់លក់ជូនភ្ញៀវកម្មង់ ឬបញ្ជាទិញជាចំហ នៅតាមភោជនីយដ្ឋាន ពិសេសតាមហាងផឹកស៊ីភាគច្រើន នាខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។ លោកស្រីបន្តថា បទល្មើសសត្វព្រៃនេះ កន្លងមកមិនឃើញមានកម្លាំងសមត្ថកិច្ច ពីស្ថាប័នពាក់ព័ន្ធណាមួយចេញមុខបង្ក្រាប ឬទប់ស្កាត់នោះទេ។
លោកស្រី សុធារី ទទួលស្គាល់ថា មុខម្ហូបចំអិនពីសាច់សត្វព្រៃ ពិតជាកំពុងពេញនិយម សម្រាប់ភ្ញៀវ ឬពេញនិយមមិនចាញ់អាហារសមុទ្រនោះទេ ហើយភ្ញៀវភាគច្រើន អាចកម្មង់ ឬបញ្ជាទិញបានដោយសេរី ព្រោះម្ចាស់ហាង បានដាក់លក់ ដោយគ្មានការលាក់លៀម ឬមិនញញើតកម្លាំងសមត្ថកិច្ចជំនាញនោះទេ។
លោកស្រី សុធារី បានកត់សម្គាល់ថា រាល់ថ្ងៃនេះ នៅតាមភោជនីយដ្ឋានភាគច្រើន នាខេត្តព្រះសីហនុ ភ្ញៀវអាចកម្មង់មុខម្ហូបចំអិនពីសាច់ព្រៃបានជាចំហ ដោយម្ចាស់ហាងនីមួយៗ មិនខ្លាចញញើតកម្លាំងសមត្ថកិច្ចមករារាំង ឬហាមឃាត់នោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះ ទទូចដល់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថ ជាពិសេស លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យជួយទប់ស្កាត់បទល្មើសសត្វព្រៃ នៅតាមភោជនីយដ្ឋាន ឬដាក់លក់នៅតាមហាងផឹកស៊ីភាគច្រើននាទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងតាមហាងនានា នៅទីប្រជុំជនតាមស្រុក ទូទាំងខេត្តព្រះសីហនុ ឲ្យបានជាស្ថាពរ។
ទន្ទឹមគ្នានេះ លោកស្រី ជៀប សុធារី ក្នុងនាមមន្ត្រីសង្គមស៊ីវិល សំណូមពរដល់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការជាពិសេសសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធការងារថែរក្សាអភិរក្សសត្វព្រៃ មិនត្រូវទទួលទានមុខម្ហូបចំអិនពីសាច់សត្វព្រៃទៀតទេ។ ពោលគឺ ត្រូវរួមគ្នាធ្វើពហិការកុំបរិភោគអាហារ ឬមុខម្ហូបចំអិនពីសាច់សត្វព្រៃ ជាបន្តទៀតនាថ្ងៃអនាគត ប្រយោជន៍ដើម្បីរួមគ្នាការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា ឲ្យបានគង់វង្ស ព្រោះបច្ចុប្បន្ននេះ សត្វព្រៃភាគច្រើននៅកម្ពុជា ស្ទើររលាយផុតពូជទៅហើយ។
អ្នកឃ្លាំមើលសង្គមរូបនេះ ចាត់ទុកការទទួលទានមុខម្ហូបបចំអិនពីសាច់សត្វព្រៃថាជាការលើកទឹកចិត្ត ឲ្យបទល្មើសសម្លាប់សត្វព្រៃគ្រប់ប្រភេទនៅកម្ពុជា អាចបន្តរីករាលដាលធ្ងន់ធ្ងរថែមទៀតនាថ្ងៃខាងមុខ ដោយនៅទីបញ្ចប់សត្វព្រៃនៅកម្ពុជា នឹងរលាយហិនហោច។
ផ្តើមពីបញ្ហានេះ អ្នកស្រី សុធារី មន្ត្រីសមាគមអាដហុក ខេត្តព្រះសីហនុ បានកត់សម្គាល់ថា រាល់ថ្ងៃនេះ ឃើញនៅតាមភោជនីយដ្ឋាន និងហាងផឹកស៊ីភាគច្រើននាខេត្តទេសចរណ៍មួយនេះ មានដាក់លក់មុខម្ហូបចំអិនពីសាច់សត្វព្រៃដ៏សម្បូរបែប និងដោយចំហ ប៉ុន្តែមិនមានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធណាមួយចេញមុខបង្ក្រាបទេនោះទេ។
ទាក់ទិនបញ្ហានេះដែរ លោក ស្រេង វ៉ាន់លី មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ ក៏បានឲ្យដឹងថា រាល់ថ្ងៃនេះឃើញមានហាងផឹកស៊ី និងភោជនីយដ្ឋានមួយចំនួន មានបំរើសេវាមុខម្ហូបចំអិនពីសាច់សត្វព្រៃ ដោយចំហពិតមែន។ លោកបន្តថា ស្ទើរគ្រប់ហាងផឹកស៊ី នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងនៅតាមជាយក្រុងតាមទីប្រជនជនតាមស្រុកនានា រួមមានស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលាជាដើម គឺមានលក់មុខម្ហូបចំអិនពីសាច់សត្វព្រៃនៅតាមហាងភាគច្រើន។
បទល្មើសនេះ លោក វ៉ាន់លី កត់សម្គាល់ថា មិនដែលឃើញកម្លាំងជំនាញពីស្ថាប័នពាក់ព័ន្ធណាមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាប ឬទប់ស្កាត់បទល្មើសលក់សាច់ព្រៃ នៅតាមភោជនីយដ្ឋាន ឬដាក់លក់នៅតាមហាងផឹកស៊ីទាំងនោះ ឲ្យមានប្រសិទ្ធភាពទេកន្លងមក។ លោកបន្តថា សត្វព្រៃ ដែលត្រូវម្ចាស់ហាងមួយចំនួន ទិញយកមកលក់ជូនភ្ញៀវ កម្មង់ចំអិនធ្វើជាអាហារទទួលទានរួមមាន៖ សត្វស្លាបគ្រប់ប្រភេទ ពស់វែក សត្វឈ្លួស ជ្រូកព្រៃ ទន្សាយ ក្តាន់ញ៉ែង អណ្តើក សត្វត្រកួត អណ្តើក និងក្តាន់ញ៉ែងជាដើម ដោយត្រូវម្ចាស់ហាងប្រកាសលក់ឲ្យភ្ញៀវជាចំហថែមទៀត។
មន្ត្រីអង្កេតអង្គការលីកាដូ លោក ស្រេង វ៉ាន់លី សំណូមពរដល់ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ត្រូវដាក់បទបញ្ជាទៅកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មជាដើម ប្រចាំខេត្តព្រះសីហនុ ឲ្យរួមសហការគ្នាចុះត្រួតពិនិត្យការលក់ដូរសាច់ព្រៃនៅតាមហាងផឹកស៊ី និងតាមភោជនីយដ្ឋាននានា ក្នុងមូលដ្ឋានខេត្តទេសចរណ៍ឲ្យនេះ ដើម្បីឈានទៅការពារ និងទប់ស្កាត់បទល្មើសសត្វព្រៃ នៅកម្ពុជា ឲ្យមានប្រសិទ្ធភាព។
បញ្ហានេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំប្រចាំខែនីមួយៗ ធ្លាប់បានរំលឹកដល់មន្ត្រីក្រោមឱវាទស្ថាប័នជំនាញពាក់ព័ន្ធឲ្យរួមសហការគ្នា ការពារបរិស្ថាន ព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិចម្រុះបាតសមុទ្រ ដែលនៅសេសសល់ ឲ្យបានគង់វង្ស ដើម្បីឆ្លើយតបស្របតាមគោលនយោបាយណែនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តឲ្យមានប្រសិទ្ធភាព។
យ៉ាងនេះក្តី អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុ បានសង្កេតឃើញថា បទល្មើសសត្វព្រៃ ឬមុខម្ហូបចំអិនពីសត្វព្រៃជាច្រើនប្រភេទ ត្រូវបានម្ចាស់ភោជនីយដ្ឋាន ពិសេសហាងផឹកស៊ីភាគច្រើន នាខេត្តព្រះសីហនុ ដាក់លក់ជូនភ្ញៀវកម្មង់ ឬបញ្ជាទិញ ឲ្យចំអិនជាអាហារទទួលទានយ៉ាងអនាធិបតេយ្យ និងមិនញញើតកម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាបនោះទេ ដោយពួកគេ បានដាក់លក់ជូនភ្ញៀវជាចំហតែម្តង៕ ដោយ៖ ដែន សីមា