Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគច្រើន​នៃ​ស្រូវប្រាំង ធ្វើ​លើក​ទី ២ ប្រមាណ ១៣.០០០ ហិកតា នៅ​តំបន់​អាង​ត្រពាំងថ្ម ប្រឈម​នឹង​ការខូចខាត​

​បន្ទាយមានជ័យ ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ផ្សាយ​ថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​ទឹក​សម្រាប់​ការប្រើប្រាស់ នៅក្នុង​ស្រុក​មង្គល​បូរី រួចមក នៅ​រសៀល​ថ្ងៃ​ចន្ទ ទី ២១ ខែ​មករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ក្នុង​អាង​ត្រពាំងថ្ម ស្ថិត​នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ។​

​លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋលេខាធិកា​រ ជ្រាបថា ចំពោះ​ស្រូវប្រាំង​លើក​ទី ១ បាន​ប្រមូល​ផល​ស្ទើរតែ​ទាំងស្រុង​ហើយ ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការព្រួយបារម្ភ គឺ​ស្រូវប្រាំង​លើក​ទី ២ ដែល​មាន​អាយុប្រមាណ ១ ខែ និង​បាន​បង្កបង្កើនផល​លើ​ផ្ទៃដី​ប្រមាណ ១៣.០០០ ហិកតា ប្រឈម​នឹង​ការខូចខាត​ច្រើន ។ លោក យឹម ប៊ុនរ៉ុម បន្តថា ក្នុង​រដូវវស្សា​ឆ្នាំ ២០១៨ តំបន់​អាង​ត្រពាំងថ្ម បាន​ទទួល​របប​ទឹកភ្លៀង​តែ​ប្រមាណ ៨០០ ម​ម ប៉ុណ្ណោះ ។ របាយ​ទឹកភ្លៀង​នេះ ជា​កត្តា​ធ្វើឲ្យ​អាង​ត្រពាំងថ្ម ពុំ​មាន​ទឹក​ស្តុក​បរិបូណ៍ ដូច​បណ្តា​ឆ្នាំ​កន្លង​ទៅ​ទេ ។ ចំពោះ​បញ្ហា​នេះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​បើក​ទឹក​ពី​អាង​ទឹកស្ទឹ​ង​ស្រែង ២ ស្ថិតក្នុង​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ បញ្ចូលមក​អាង​ត្រពាំងថ្ម តាំងពី​ពាក់កណ្តាល​ខែ​មេសា ឆ្នាំ ២០១៨ មកម្ល៉េះ ។ ប៉ុន្តែ​ទឹក​ទាំងនោះ ក៏​ត្រូវបាន​យក​ទៅ​ប្រើប្រាស់​ជា​បន្តបន្ទាប់​ក្នុង​ការអន្តរាគមន៍​ស្រូវ​បង្កើន​រដូវ ស្រូវវស្សា និង​ស្រូវប្រាំង​លើក​ទី ១ ។​

​ដោយ​ពិនិត្យឃើញ ស្ថានភាព​ទឹក​នៅ​ក្នុង​អាង មន្ទីរ​បាន​ធ្វើ​ការផ្សព្វផ្សាយ មិនឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​ស្រូវ​ប្រាំងដូច​ឆ្នាំ​កន្លងទៅ តាំងពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ ២០១៨ មកម្ល៉េះ ប៉ុន្តែ​ការ​ជម្រាប​ជូន​ព័ត៌មាន​នេះ ពុំ​មាន​ប្រសិទ្ធភាព​ទេ ។ ជាក់ស្តែង​នៅ​ពេល​នេះ ផ្ទៃ​ដី​ស្រូវប្រាំង​ប្រមាណ ១៣.០០០ ហិកតា ( ភាគច្រើន​ជា​ស្រូវប្រាំង​លើក​ទី ២ ) ត្រូវបាន​ដាំ​ដុះ និង​មាន​អាយុ​ប្រមាណ ១ ខែ​ប៉ុណ្ណោះ ។​

​លោក យឹម ប៊ុនរ៉ុម បាន​បន្ថែមថា មកដល់​ថ្ងៃ​ទី ២១ ខែ​មករា ឆ្នាំ​២០១៩ នេះ ទឹក​នៅ​ក្នុង​អាង​ត្រពាំងថ្ម នៅសល់​ប្រមាណ ១៥ លាន​ម៉ែត្រគូប​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទឹក​របស់​ស្រូវប្រាំង ១៣.០០០ ហិកតា នោះបានទេ ។​

​ក្រោយពេល​ពិនិត្យ​ឃើញ​ស្ថានភាព​ជាក់ស្តែង​បែបនេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​បញ្ជា​ទៅ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ ដើម្បី​បង្កើន​ការទម្លាក់​ទឹក​ពី​អាង​ទឹកស្ទឹង​ស្រែង ២ មកកាន់​អាង​ត្រពាំងថ្ម ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី ក៏​អាច​ជួយ​បាន​តែ​ក្នុង​ចំនួន​ណា​មួយ​ប៉ុណ្ណោះ ។ លោក​រដ្ឋលេខាធិការ បាន​រំលឹក​ដល់​លោក​ប្រធាន​មន្ទីរ​បន្ថែមថា ទន្ទឹម​នឹង​ការអន្តរាគមន៍​សង្គ្រោះ​ស្រូវ ក៏​ត្រូវ​គិតគូ​ឱ្យបាន​ហ្មត់ចត់​ផងដែរ ដល់​ការថែរក្សា​ទឹក​ទុក​ក្នុង​អាង សម្រាប់​ទ្រទ្រង់​ដល់​ជីវៈចម្រុះ​គ្រប់​ប្រភេទ ពិសេស​ពពួកសត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​៕ ​ដោយ ​៖ ​កូឡាប​

 

×