បន្ទាយមានជ័យ ៖ ពាក់ព័ន្ធនឹងការដោះស្រាយទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបូរី ដែលទឹកក្នុងស្ទឹងនេះ បានគោករីងអស់នោះ រដ្ឋបាលស្រុកមង្គលបូរី និងជំនាញពាក់ព័ន្ធ បានផ្សព្វផ្សាយណែនាំ ប៉ុន្តែដោយសារឆ្នាំនេះ ស្រូវបានថ្លៃ ដូចនេះបងប្អូនក៏ចេះតែប្រឹងដាំដុះ ទើបពេលនេះ ទឹកក្នុងស្ទឹងត្រូវរីងដោយកន្លែង ។
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្រឹកថ្ងៃចន្ទ ទី ២១ ខែមករា ឆ្នាំ ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះដោះស្រាយទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបូរី ពិសេសបណ្តាឃុំដែលនៅផ្នែកខាងក្រោម ដូចជាឃុំគយម៉ែង តាឡំ សំបួរ និងឃុំស្រះរាំង ។
លោកអភិបាលស្រុកបានជម្រាបជូនឯកឧត្តមរដ្ឋលេខាធិការថា មកដល់ពេលនេះ មានបណ្តាឃុំមួយចំនួនបានចាប់ផ្តើមប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ព្រោះថាទឹកស្ទឹងដែលមានកន្លងមក ត្រូវបានប្រើប្រាស់សម្រាប់ដំណាំស្រូវស្ទើរតែទាំងស្រុង ។ លោកអភិបាលស្រុកបន្តថា គ្រាន់តែស្រុកមង្គលបូរីរបស់លោក បងប្អូនកសិករផលិតស្រូវប្រាំងរហូតដល់ទៅប្រមាណ ៥០.០០០ ហត (ផែនការ ៥.៥០០ ហត) គឺលើសពីផែការ និងការណែនាំរបស់ជំនាញច្រើនណាស់ កន្លែងខ្លះធ្វើ ០២ដង ឬ ០៣ ដងក៏មាន ។ លោកអភិបាលស្រុកបន្តថា រដ្ឋបាលស្រុក និងជំនាញពាក់ព័ន្ធក៏បានផ្សព្វផ្សាយណែនាំដែរ ប៉ុន្តែដោយសារឆ្នាំនេះស្រូវបានថ្លៃ ដូចនេះបងប្អូនក៏ចេះតែប្រឹងដាំដុះ ។ ទោះបីជាយ៉ាងណា ក៏យើងនៅតែប្រឹងជួយ ហេតុនេះហើយទើបពេលនេះទឹកក្នុងស្ទឹងត្រូវរីងដោយកន្លែង ។
ជាដំណោះស្រាយលើបញ្ហានេះ ឯកឧត្តម ចាន់ យុត្ថា បានបញ្ជាឲ្យបើកទំនប់ទឹកនៅត្រង់ចំណុចឃុំឫស្សីក្រោក ដើម្បីទម្លាក់ទឹកទៅផ្នែកខាងក្រោមខ្លះ តែការបើកនេះមិនមែនបើកជាអចិន្ត្រៃយ៍ទេ ពោលគឺនៅពេលដែលផ្នែកខាងក្រោមទទួលបានទឹកសមល្មមហើយ យើងត្រូវបិទទំនប់នេះវិញភ្លាុម ហើយនៅពេលខាងក្រោមខ្វះជាថ្មី ទើបយើងបើកបញ្ជូនទៅទៀត ។ ការធ្វើដូចនេះ គឺដើម្បីសន្សំសំចៃទឹកទុកឲ្យបានល្អ ។
ស្ថានីយបូមទឹក ហ៊ុន សែនទី ៥២ និង ទី ៥៣ បានចាប់ផ្ដើមដំណើរការសាងសង់ហើយ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
តបតាមការសន្យារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចផ្តល់ជូននូវស្ថានីយបូមទឹកថ្មី ០២ កន្លែង ( ក្នុង ០១ កន្លែង មានបំពាក់ក្បាលម៉ាស៊ីនបូមទឹក និងទុយោដែលមានអង្កត់ផ្ចិត ៣០០ មម ចំនួន ០២គ្រឿង ) ជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទុកជាចំណងដៃដល់ប្រជាកសិករនៅក្នុងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ស្ថានីយបូមទឹក ហ៊ុនសែន ទី ៥២ និង ទី ៥៣ បានចាប់ផ្តើមអនុវត្តដំណើរការសាងសង់ក្រោមការដឹកនាំរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលមកដល់ពេលនេះសម្រេចបាន 20% ហើយ។ ជាក់ស្ដែងថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងសហការីបានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់មន្ត្រីបច្ចេកទេសទទួលបន្ទុកការអនុវត្តសាងសង់ ឲ្យយកចិត្តទុកដាក់គោរពទៅតាមបទដ្ឋានបច្ចេកទេស ៕ ដោយ ៖ កូឡាប